ការញៀនស្រា អាចបង្កឲ្យមានផលប៉ះពាល់ដល់ជីវិតខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ យើងអាចមើលដឹងថា ជនណាម្នាក់កំពុងតែញៀនស្រា ប្រសិនបើពួកគេទទួលទានច្រើនមិនងាយស្រវឹង ហើយហាក់ដូចជាឆ្ងាញ់គ្មានពិបាកលេបអ្វីបន្តិចសោះ។ ផ្ទុយទៅវិញ អ្នកញៀនស្រាមួយចំនួនទៀត តែងតែលាក់បាំងនូវទម្លាប់ផឹកស្រារបស់ខ្លួន ដែលធ្វើឲ្យយើងពិបាកសន្និដ្ឋាន តែទោះជាយ៉ាងណា យើងអាចសង្កេតដឹងតាមរយៈសញ្ញាមួយចំនួនដូចខាងក្រោម៖
១. អារម្មណ៍នៅមិនសុខបើគ្មានស្រា
បើមិនបានផឹកស្រាមួយថ្ងៃ អ្នកដែលញៀនស្រានឹងមានសភាពអន្ទះអន្ទែងនៅមិនស្ងៀម មួលម៉ៅឆេវឆាវ ដូចជាមិនស្រួលក្នុងខ្លួន។ ប្រសិនបើនៅតែបន្តផឹកទៀត អ្នកច្បាស់ជាធ្វើឲ្យញ័រដៃ ញ័រទ្រូង និងបែកញើសដោយមិនដឹងខ្លួនជាដើម។ នេះហើយជាលទ្ធផលមិនបានដកមេ។
២. ផឹកមិនងាយស្រវឹង
នៅពេលដែលអ្នកផឹកស្រា មិនងាយស្រវឹងកុំទាន់អាលអរ ព្រោះវាជាសញ្ញាប្រាប់ថាលោកអ្នកកំពុងតែញៀនស្រាហើយ។ ជាពិសេសអ្នកត្រូវការផឹកស្រាក្នុងបរិមាណច្រើនជាងធម្មតា ដើម្បីតម្រូវទៅតាមការញៀន។ ទាំងនេះជាហេតុធ្វើឲ្យអ្នកខូចសុខភាពដោយមិនដឹងខ្លួន។
៣. ផឹកស្រាជំនួសអាហារ
នៅពេលដែលអ្នកញៀនស្រា អ្នកអាចមិនចាប់អារម្មណ៍ទៅលើចំណីអាហារប្រចាំថ្ងៃនោះទេ ពោលគឺលោកអ្នកអាចយកស្រាជំនួសបាយ៣ពេលក៏បានដែរ។
៤. ឧស្សាហ៍ឈឺក្បាលធេងធោង
នៅពេលអ្នកផឹកស្រាជាប្រចាំ ជាតិពុលនឹងចូលទៅក្នុងឈាមរបស់អ្នក ហើយប្រព័ន្ធការពាររាងកាយក៏មិនងាយបន្សាបជាតិពុលទាំងនោះដែរ។ នេះជាហេតុធ្វើឲ្យអ្នកញៀនស្រា តែងតែឈឺក្បាលពេលក្រោកពីគេង។
៥. ថាមពលខួរក្បាលចុះខ្សោយ និងងាយបាត់បង់ការចងចាំ
ប្រព័ន្ធប្រសាទ របស់មនុស្សងាយទទួលរងគ្រោះបំផុត នៅពេលសេពគ្រឿង ដែលអាចធ្វើឲ្យយើងឆាប់អ្នកបាត់បង់ការចងចាំ។ ឧទាហរណ៍ អ្នកផឹកស្រាស្រវឹងពីពេលយប់លុះព្រឹកឡើងភ្លេចរឿងអ្វីៗទាំងអស់។ នេះហើយជាសញ្ញាប្រាប់ថា ខួរក្បាលរបស់អ្នកកំពុងចុះអន់ខ្សោយ។
៦. ប្តូរឥរិយាបថ
ការផឹកស្រាជាប្រចាំ អាចធ្វើឲ្យអត្តចរិករបស់លោកអ្នកមានការប្រែប្រួលទាំងស្រុង ខុសពីទម្លាប់ធម្មតា។ ជាទូទៅ គេតែងនិយាយលេងសើចថា បើផឹកប៉ះស្រាកាច អ្នកអាចក្លាយជាឆ្កែ ទៅខាំគេឯង។ ហេតុផលតាមបែបវិទ្យាសាស្ត្របានបង្ហាយឲ្យដឹងថា ដោយសារគ្រឿងស្រវឹងបានផ្លាស់សារធាតុគីមីមួយចំនួន ក្នុងសារពាង្គកាយរបស់មនុស្ស ទើបធ្វើឲ្យអ្នកដែលធា្លប់តែស្លូតទៅជាកាច ឬអត្មានិយម ខ្វះការប្រុងប្រយ័ត្ន មិនខ្វល់ពីសុភមង្គល ឬការឈឺចាប់របស់អ្នកដ៏ទៃឡើយ។
៧. លាក់បាំង
អ្នកដែលញៀនស្រាធ្ងន់ធ្ងរមែនទែន ច្រើនតែលាក់បាំងទម្លាប់ ឬសកម្មភាពនៃការផឹកស្រា ព្រោះពួកគាត់មានការភ័យខ្លាច ឬខ្មាសអៀន ចំពោះមនុស្សជុំវិញខ្លួន។ ភាគច្រើនអ្នកញៀនស្រាបែបនេះ ចូលចិត្តផឹកស្រាតែម្នាក់ឯងនៅកន្លែងស្ងាត់ដែលគ្មានអ្នកណាឃើញ៕
មតិយោបល់