ព័ត៌មានជាតិ

មួយថ្ងៃស្លាប់និងរបួស៩នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

កណ្តាល: មនុស្ស៣នាក់ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ខណៈ៦នាក់ទៀតរងរបួសធ្ងន់ស្រាល នៅកន្លែងផ្សេងពីគ្នា ក្នុងស្រុកចំនួន២ នៅខេត្តកណ្តាល។ គ្រោះថ្នាក់ចរាចរណ៍ចំនួន៣ករណីនេះ បានកើតមានឡើង កាលពីថ្ងៃទី០៧ ខែមករា គឺក្នុងក្រុងតាខ្មៅចំនួន២ លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ របួសធ្ងន់ស្រាល៤នាក់ ខូចខាតម៉ូតូ៣គ្រឿង និងក្នុងស្រុកមុខកំពូលចំនួន១ ករណី បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់២នាក់ ខូចខាតម៉ូតូ២គ្រឿង និងរថយន្ត១គ្រឿង។

ករណី១ទៀត រថយន្តដឹកគ្រឿងសំណង់របស់ក្រុមហ៊ុននាគខៀវ របស់លោកឧកញ៉ា ស៊ី អហ៊ុយ ដែលជាមន្រ្តីយោធាជាន់ខ្ពស់ពាក់ផ្កាយ៣ផងនោះ ដែលឧស្សាហ៍បង្កគ្រោះថ្នាក់ធ្វើឲ្យមនុស្សស្លាប់ និងរបួសជាញយៗ ក្នុងភូមិសាស្ត្រខេត្តកណ្តាលនោះ បានបុកកិនយុវជនកិនយុវជនម្នាក់ ខណៈកំពុងអង្គុយលើម៉ូតូនៅចិញ្ចើមផ្លូវលេខ១១៥ ក្នុងភូមិបត់តាជី សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។

លោកវរៈសេនីយន៍ទោ ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ថា កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃ ទី០៧ខែមករានេះ ត្រង់ចំណុចភ្លើងស្តុបគល់ស្ពានព្រែកហូរ លើផ្លូវលេខ១១៥ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ រថយន្តហ៊ីយ៉ាន់ដាយ HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3.A.2831 អ្នកបើកបរឈ្មោះ ផូយ គន្ធា ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញបើកបរ ក្នុង ទិសដៅ ពីត្បូងមកជើងបត់ស្តាំ ក៏បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក Suzuki Smash Revo ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1G-9307 ជិះក្នុងទិសដៅស្របគ្នា ពីត្បូងមកជើងបត់ស្តាំអ្នកបើកម៉ូតូឈ្មោះ អាន ប៊ុនថេង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (រងរបួសស្រាល) និងបណ្តាលអ្នករួមដំណើរជាមួយម៉ូតូម្នាក់ ឈ្មោះ ម៉ាត់ ម៉ូសា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅស្រុកកោះធំ ខេត្តកណ្តាល (មិនទាន់ស្គាល់ភូមិ ឃុំ ) ស្លាប់នៅហ្នឹងកន្លែង ហើយបណ្តាលមកពីអ្នកបើកបររថយន្តបើកបរ ខ្វះការប្រុងប្រយ័ត្ន ។

លោក ស៊ឹម ប៊ុតបណ្ឌិត បានបន្តថា ១ករណីទៀតបង្កឡើង ដោយម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង០៩ និង៣៥នាទីយប់ថ្ងៃ ទី៧ ខែមករា ត្រង់ចំណុចខាងមុខរោងចក្រយ៉ុងវាចាស់ លើផ្លូវជាតិលេខ២១ ភូមិថ្មីសង្កាត់ តាខ្មៅ ក្រុងតាខ្មៅ បង្កឡើងដោយម៉ូតូ Honda Scoopy ពណ៌ ទឹកប៊ិចពាក់ផ្លាកលេខ កណ្តាល 1S-6240 អ្នកបើកបរឈ្មោះហាញ់ ឆវី ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ(របួសធ្ងន់)បើកបរ ក្នុងទិសដៅឆ្លងពីកើតមកលិច មកដល់ចំណុចខាងលើ ក៏បានប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-4210(មានកញ្ចក់តែមិនពាក់មួកសុវត្ថិភាព) អ្នកបើកបរ ឈ្មោះសំ រិទ្ធិ សក្ត័ ភេទប្រុស អាយុ១៨ឆ្នាំ(របួសធ្ងន់)មានទីលំនៅក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ និងអ្នករួមដំណើរពីក្រោយមិនស្គាល់អត្តសញ្ញាណ(រងរបួសស្រាល) បើកបរក្នុងទិសដៅពីជើងទៅត្បូងបណ្តាលឲ្យអ្នកបើកបរម៉ូតូទាំង២រងរបួសធ្ងន់ត្រូវបានរថយន្តរបស់មណ្ឌលសុខភាពចាក់អង្រែ យកទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ រីឯមធ្យោបាយទាំង២ ត្រូវបានសមត្ថកិច្ចយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បណ្តោះអាសន្ន ដើម្បីចាត់ការតាមនិតិវិធី។

ដោយឡែកនៅឯស្រុកមុខកំពូលឯណោះ លោកវរៈសេនីយន៍ទោ សោម សីហាក់ អធិការនគរបាលស្រុក ក៏បានឲ្យដឹងដែរថា កាលពីវេលាម៉ោង០៨និង១០នាទីយប់ ថ្ងៃទី០៧ មករានេះ នៅចន្លោះគីឡូម៉ែត្រលេខ២៤ និង២៥លើផ្លូវជាតិលេខ៦អា ក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត និងម៉ូតូ២គ្រឿង បណ្តាលឲ្យរបួសធ្ងន់ចំនួន០២នាក់ ស្លាប់ ២នាក់ ខូចខាតម៉ូតូពីគ្រឿង និងរថយន្តមួយគ្រឿង។

លោកវរៈសេនីយន៍ បានបញ្ជាក់ថា មុនពេលកើតហេតុ មានម៉ូតូម៉ាកហុងដាC125ពណ៍ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1DE9762 បើកបរដោយឈ្មោះ ស៊ី សៀក ភេទប្រុសអាយុ ២៨ឆ្នាំ មានទីលំនៅភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានឌុបមនុស្ស ម្នាក់ពីក្រោយ ឈ្មោះ ផាន់ សុធារ៉ា ភេទស្រីអាយុ១៧ ឆ្នាំ មានទីលំនៅភូមិដូនរាម ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ធ្វើដំណើរពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ បានមកបុករថយន្តមួយគ្រឿងម៉ាក C.R.V ពណ៌សំបកឪឡឹកពាក់ ផ្លាកលេខ ភ្នំពេញ2D8848 បើកបរដោយឈ្មោះ ស ហៀង ភេទស្រី អាយុ៧២ឆ្នាំ មានទីលំនៅផ្ទះលេខ២២ ផ្លូវ៣៣៩ ភូមិ៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើដំណើរពីជើងទៅត្បូង បណ្ដាលឲ្យម៉ូតូដួលនៅលើទ្រូងផ្លូវ ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកមកពីទិសខាងត្បូង បានមកកិនអ្នកទាំងពីនាក់នោះ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ស្របពេលនោះដែរ ក៍មានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1FD6678 អ្នកបើកបរ (មិនស្គាល់ឈ្មោះដោយសន្លប់បាត់ស្មារតី) និងមានឌុបមនុស្សម្នាក់ពីក្រោយ(មិនស្គាល់ឈ្មោះសន្លប់បាត់ស្មារតី) ធ្វើដំណើរពីត្បូងទៅជើងបានមកបុកម៉ូតូហុងដាខាងលើនោះបន្ថែម បណ្ដាលឲ្យរបួសធ្ងន់ដល់អ្នកជិះម៉ូតូ ដែលមិនស្គាល់ឈ្មោះទាំងពីរនាក់ ដោយបានស្លាប់នៅពេលបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ចំពោះសពទាំងពីរ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកអ្នកបើកបររថយន្តបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ រីឯរថយន្ត និងម៉ូតូទាំងពីរបានយកមករក្សាទុកនៅអធិនគរបាលស្រុកមុខកំពូល រងចាំការដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់