កណ្តាល: តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ករណីអំពើហិង្សាដោយចេតនា កើតហេតុវេលាម៉ោង ១ និង៣០នាទី ចំណុចភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ អឿន អួន ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ (មានរបួសកដេរ១០ថ្នេរ) ។ជនសង្ស័យឈ្មោះ ហ៊ុយ ស៊ីម៉េង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំកើតហេតុ (ឃាត់ខ្លួន ) ។
ក្រោយកើតហេតុ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា កាំបិតបុ័ងតោ១ និងកាំបិតចុងស្រួច១ ។
ហេតុការណ៍នេះ បានកើតទ្បើងនៅថ្ងៃទី០៧ ខែមករា វេលាម៉ោង ១១ យប់ ជនសង្ស័យ និងជនរងគ្រោះ មកពីហូបការគេ នៅភូមិព្រែកតាទេព ឃុំព្រែកលួង ហើយបាននាំគ្នាចូលមកផឹកស្រាបន្តទៀត
នៅលើគ្រែមុខផ្ទះ ឈ្មោះផាត ភេទប្រុសអាយុ៦០ឆ្នាំ នៅភូមិ ឃុំ កើតហេតុ ដោយបានផឹករហូតដល់ម៉ោង១ និង៣០នាទី ឈានចូលដល់ថ្ងៃទី០៨ ខែមករា អ្នកទាំងពីរក៏មានទំនាស់ពាក្យសម្ដីនឹងគ្នា ដោយជនរងគ្រោះ បានវាយជនសង្ស័យមួយដៃត្រូវមុខ ឯជនសង្ស័យបានយកចានវាយក្បាលជនរងគ្រោះវិញ តែវាយមិនត្រូវ បន្ទាប់មកជនសង្ស័យបានរត់ចូលទៅក្រោមផ្ទះ ឈ្មោះហេង ភេទស្រីអាយុ៥៦ឆ្នាំ នៅជិតកន្លែងកើតហេតុនោះ ក៏យកបានកាំបិតពីរមកកាន់ គឺដៃម្ខាងកាន់កាំបិទបុ័ងតោ ម្ខាងទៀតកាន់កាំបិតចុងស្រួច ស្រែកហៅជនរងគ្រោះឲ្យចូលមកកាប់គ្នា ពេលនោះជនរងគ្រោះកាន់ខ្សែក្រវ៉ាត់ដើរសំដៅទៅរកជនសង្ស័យ បន្ទាប់មកក៍មានការប្រវាយប្រតបគ្នា ជនសង្ស័យបានកាប់និងកាំបិតចុងស្រួច ត្រូវកជនរងគ្រោះបណ្តាលឲ្យមានរបួសដេរ១០ថ្នេរ ។
លុះដល់វេលាម៉ោង៨ព្រឹកថ្ងៃទី០៨ ខែមករា ជនរងគ្រោះបានមកដាក់ពាក្យ នៅប៉ុស្តិ៍នគរបាលព្រែកតាកូវ ដោយកម្លាំងប៉ុស្ដិ៍ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់