ព័ត៌មានជាតិ

ផ្លូវជាតិលេខ៧ និងលេខ៧៣ កំពុងស្ដារឡើងវិញ ក្រោយរងការខូចខាតដោយសារទឹកជំនន់

ភ្នំពេញៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តចំនួនពីរ កំពុងធ្វើការស្ដារឡើងវិញ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៣ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនកសិកផល និងធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូវទាំងពីរខ្សែនេះ បានរងការខូចខាតច្រើន ដោយសារគ្រោះទឹកជំនន់កាលពីឆ្នាំកន្លងទៅ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។

ក្រសួងសាធារណការ បានចេញផ្សាយថា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែមករាម្សិលមិញ បានដឹកនាំគណៈប្រតិភូអញ្ជើញចុះត្រួតពិនិត្យការដ្ឋានផ្លូវកំពុងជួសជុល។ គណៈប្រតិភូបានចុះត្រួតពិនិត្យការដ្ឋានត្រង់ចំណុចប្រសព្វ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៣ PK១៥៩-១៦០ + ៩០០ នៅតំបន់ទីប្រជុំជនប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងមួយកន្លែងទៀត នៅត្រង់ចំណុចគីឡូម៉ែត្រ១៦៨ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលកំណាត់ផ្លូវនេះ ត្រូវបានខូចខាតដោយទឹកជំនន់ ហើយកំពុងត្រូវបានជួសជុល ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។

ជាមួយគ្នា លោក ស៊ុន ចាន់ថុល ក៏បានចុះពិនិត្យការដ្ឋានធ្វើឲ្យប្រសើរឡើង ផ្លូវជាតិលេខ៧ ត្រង់ចំណុច PK ៣៣៥ (ខ្លាស្ទុះ) ដែលកំពុងជួសជុល ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ដើម្បីធានាឲ្យបាននូវគុណភាពប្រើប្រាស់ និងភាពយូរអង្វែងនៃសំណង់ផ្លូវថ្នល់៕

មតិយោបល់