ថៃ ៖ ពលករខ្មែរចំនួន៤៤នាក់ ត្រូវបានកំលាំងតម្រួតថៃដេញស្ទាក់និងឃាត់ខ្លួនពលករខ្មែរចំនួន៤៤នាក់ ដែលបានលបលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើ នៅក្នុងប្រទេសថៃ តាមរយៈរថយន្តថៃចំនួនពីរគ្រឿងមកចាំទទួល ដោយសារតែមានការធានាពីសំណាក់មេខ្យល់ផងដែរ ។
យោងតាមរបាយការរបស់សមត្ថកិច្ចដែលយើងទទួលបានគឺ នៅល្ងាចថ្ងៃទី៩ ខែមករាឆ្នាំ២០១៧ ក្រុមតម្រួតថៃក្នុងខេត្តស្រះកែវ បានសហការជាមួយនឹងយោធាការពារព្រំដែនចេញល្បាតដើម្បីត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ក៏បានប្រទះឃើញរថយន្តចំនួនពីរគ្រឿង ដែលបានបើកបរយ៉ាងលឿនក្នុងទិសដៅពីព្រំដែនកម្ពុជា ឆ្ពោះទៅក្នុងប្រទេស ត្រង់ចំណុចគោកខ្យូង ក្នុងឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។
ភ្លាមៗនោះដែរ កំលាំងតម្រួតបានដេញតាមរថយន្តទាំងនោះ ដោយបានផ្តល់សញ្ញា អោយរថយន្តបញ្ឈប់ ផ្ទុយទៅវិញរថយន្តទាំងពីរនេះបានបន្ថែមល្បឿន ព្រមទាំងបានបំបែកផ្លូវគ្នាថែមទៀត ដែលបញ្ហានេះតម្រូវអោយសមត្ថកិច្ចដេញស្ទាក់តែម្តង រហូតឈានដល់ការឃាត់បានរថយន្តទាំងពីរគ្រឿងនេះដើម្បីត្រួតពិនិត្យ ។
រថយន្តទី១ គឺអ្នកបើកបរមានឈ្មោះ ស៊ុំ សាក់ ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅខេត្តឈុនបុរី ដោយក្នុងរថយន្តមានផ្ទុកពលករខ្មែរសរុបចំនួន ១៧ នាក់ ដោយឡែក រថយន្តទី២ អ្នកបើកបរមានឈ្មោះ យុទ្ធឆ័យ ថងខាវ ហៅស៊ីង ភេទប្រុស អាយុ១៦ឆ្នាំរស់នៅខេត្តឈុនបុរីដូចគ្នា ដោយនៅក្នុងរថយន្តគេបានញាត់មនុស្សណែនហួសពីការស្មាន ព្រោះមានរហូតដល់ ២៧ នាក់ ដែលក្នុងរថយន្តនីមួយៗសុទ្ធតែមានកាបូបនិងសាក់កាដូដាក់ខោអាវផង ។
តាមការរៀបរាប់ពីពលករខ្មែរម្នាក់ឈ្មោះ ប៉ាក់ ថង ភេទប្រុស អាយុ២៤ឆ្នាំ បាននិយាយថា ពួកគេទាំង៤៤នាក់នេះ សុទ្ធតែមានក្រុមគ្រួសារ និងសាច់ញាតិគ្នាទាំងអស់ដោយរស់នៅក្នុងខេត្តសៀមរាប ។ គេបានបន្ថែមថា ការធ្វើដំណើរមកនេះដោយសារតែមានការទាក់ទងជាមួយនឹងមេខ្យល់ខ្មែរម្នាក់ ដោយគេបានប្រាប់ថា អោយនាំគ្នាចូលតាមច្រករបៀងឆ្លងដែនចូលទៅក្នុងទឹកដីថៃ គឺមានរថយន្តនៅចាំជាស្រេច រួចគេនឹងជូនទៅដល់ទីក្រុងបាងកករកការងារអោយធ្វើដោយគ្រាន់តែចំណាយអោយទៅមេខ្យល់នោះក្នុងម្នាក់ៗ ២៥០០ បាត ។
ដោយឡែកអ្នកបើកបររថយន្ត ក៏បានសារភាពថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលបើករថយន្តអោយគេតែប៉ុណ្ណោះ គឺគេអោយមកចាំដឹកពលករខ្មែរពីខ្សែបន្ទាត់ព្រំដែន ឆ្ពោះទៅកាន់ទីក្រុងបាងកក ទើបអាចបានទទួលប្រាក់កម្រៃ ។
លោក ប៊ិនផុន រ៉តសាវ៉ាត នាយរងការិយាល័យ អន្តោប្រវេសន៍ នៃស្នងការដ្ឋានតម្រួតខេត្តស្រះកែវបានមានប្រសាសន៍ថា បច្ចុប្បន្នតាមផែនការរដ្ឋាភិបាលគឺ ត្រូវរឹតបន្តឹងទៅលើការលបលួចឆ្លងដែនខុសច្បាប់របស់ពលករក្រៅប្រទេស និងចាប់អោយបានមេខ្យល់ដែលដឹកនាំពលករអោយចូលទៅរកការងារធ្វើដោយគ្មានច្បាប់អនុញ្ញាត ។
លោកបានសង្កត់ធ្ងន់ថា បញ្ហាខាងលើនេះ សម្រាប់ពលករខ្មែរដែលញាត់ណែននៅក្នុងរថយន្តបែបនេះ វាអាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងណាស់ ហើយលោកនឹងធ្វើការស្រាវជ្រាវរកមុខមេខ្យល់ទាំងខ្មែរដែលកំពុងរស់នៅក្នុងប្រទេសថៃ ក៏ដូចជាមេខ្យល់ដែលឈរបញ្ជាអោយគេដឹកពលករទៅអោយខ្លួននោះដែរ ដើម្បីនាំខ្លួនពួកគេទៅដោះស្រាយនៅចំពោះមុខច្បាប់ ៕
មតិយោបល់