អាហ្គានីស្ថានៈ តាមមន្ត្រីប៉ូលិស នៅថ្ងៃអង្គារនេះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៥ នាក់ស្លាប់ និង ៥០ នាក់ទៀតរងរបួស បន្ទាប់ពីករណីវាយប្រហារបំផ្ទុះគ្រាប់បែកពីរផ្ទួនៗគ្នា ក្នុងនោះក៏មានការបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងរថយន្តផងដែរ ក្បែរការិយាល័យរដ្ឋាភិបាលមួយ ស្ថិតនៅតាមបណ្តោយផ្លូវមមាញឹក ភាគខាងលិចទីក្រុងក្រុងកាប៊ុល។ នេះបើយោងតាមរយៈ សារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បានឲ្យដឹងថា «គ្រាប់បែកអត្តឃាតពីរ ត្រូវបានវាយប្រហារបំផ្ទុះ នៅជិតការិយាល័យនាយកដ្ឋានជាតិសន្តិសុខ (NDS) នៅវេលាម៉ោង ៣ និង៤៥ នាទីរសៀល (ម៉ោងក្នុងតំបន់)។
តាមប្រភពពីប៉ូលិស បាននិយាយថា មានទីតាំងការិយាល័យជាច្រើនរបស់សភា ស្ថិតនៅក្បែរនោះផងដែរ។
សមាជិកជាន់ខ្ពស់នៃ NDS បានអះអាងថា ក្នុងចំណោមអ្នកស្លាប់ និងរបួសទាំងនោះ ក៏មានតំណាងរាស្រ្តផងដែរ ហើយការផ្ទុះនេះ បានកើតឡើងនៅពេលបុគ្គលិករដ្ឋាភិបាល បានចាកចេញពីការិយាល័យរបស់ខ្លួន នៅតំបន់ Dar-ul-Aman ៕
មតិយោបល់