ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបសម្បុកគ្រឿងញៀនបាន ១១នាក់ នៅតំបន់បឹងឈូក

ភ្នំពេញ: ជនសង្ស័យប្រុសស្រីចំនួន ១១នាក់ ព្រមទាំងថ្នាំញៀន៧កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការបង្ក្រាបនិងចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ៩និង១៥នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅក្នុងតំបន់បឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង១១ខាងលើ គឺសមត្ថកិច្ចយើងបានបើកយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំតាមបទបញ្ជាពីនាយឧត្តមសេនី យ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងសមត្ថកិច្ចទាំង១២ខណ្ឌ ចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនឲ្យខានតែបាន ដើម្បីទប់ស្កាត់នូវបទល្មើសផ្សេងៗជូនប្រជាពលរដ្ឋ។

ក្រោយពីបានទទួលបានបញ្ជានេះ លោកអធិការខណ្ឌសែនសុខ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះរួមទាំងកម្លាំងដំបងជ័យ បានឆ្មក់ចូលបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន ១កន្លែង ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ១១នាក់ ក្នុងនោះក៏មានស្រីម្នាក់ផងដែរ បន្តដកហូតបាន ម៉ាទឹកកកចំនួន ៧កញ្ចប់ធំ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២ រួមនឹងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង ១១នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕

មតិយោបល់