ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនជនសង្ស័យគ្រឿងញៀនខ្មែរ៣នាក់ទៅតុលាការ ខណៈជនជាតិនីហ្សេរីយ៉ាម្នាក់ ត្រូវបញ្ជូនទៅស្រុកកំណើតវិញ

ភ្នំពេញៈ ក្រោយពីបើកប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនចំនួន ៤នាក់នៅក្នុងសណ្ឋាគារ តាន់ថាវ័រ ស្ថិតនៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន កាលពីពេលថ្មីៗនោះមក។ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិខ្មែរចំនួន ៣នាក់ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ខណៈដែលជនសង្ស័យជាជនជាតិ នីហ្សេរីយ៉ា ម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យនគរបាលអន្តោប្រវេសន៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ប្រទេសកំណើតវិញ។

ជនសង្ស័យទាំង៣នាក់ រួមមានទី១ឈ្មោះ នៅ សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិត រស់នៅផ្ទះលេខ NW១០០ ផ្លូវលេខ២១ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ទី២ឈ្មោះ អែម លក្ខិណា ហៅល័ក្ខ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅសណ្ឋាគារ តាន់ថាវ័រ បន្ទប់៥០៣ ផ្ទះលេខ១៧០ ផ្លូវ៤៦៤ ក្រុម៥ ភូមិ២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។ទី៣ឈ្មោះ ម៉ៅ សាទុំ ហៅយ៉ា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកមណ្ឌលកម្សាន្តរ៉ុក ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

សំណុំរឿងនេះ ស្ថិតក្រោមចំណាត់ការរបស់លោក ខាំ សុផារី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

គួររំឭកថា ជនសង្ស័យទាំង ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៨ និងថ្ងៃទី៩ខែមករា ឆ្នាំ២០១៧ កន្លងទៅ ដោយដកហូតបានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន សរុបចំនួន ១០,៦៩ក្រាម៕

https://youtu.be/x8oYtrnUJpo

មតិយោបល់