ព័ត៌មានជាតិ

សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបទីតាំងផ្ទះសំណាក់ លីហ្សា ឃាត់ខ្លួនមនុស្ស១៥នាក់ និងថ្នាំញៀន១៩កញ្ចប់

ភ្នំពេញៈ ជនសង្ស័យពាក់ពន្ធ័នឹងគ្រឿងញៀនប្រុសស្រី១៥នាក់ ដែលនៅពពាក់ពពូនចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះសំណាក់ «លីហ្សា» ត្រូវសមត្ថកិច្ចខណ្ឌ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ និងប្រជាការពារសង្កាត់ឫស្សីកែវ បានធ្វើការឃាត់ខ្លួននិងដកហូតថ្នាំញៀន១៩កញ្ចប់តូចធំ ព្រមទាំងឧបករណ៍ពាក់ពន្ធ័មួយចំនួន។

ប្រតិបត្តិការបង្ក្រាបនេះដែរធ្វើឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្លូវបេតុងកា៥ ក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង ១៥នាក់ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ យកយកធ្វើតេស្តទឹកនោម ដើម្បីឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង១៥នាក់នេះមានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះរឺអត់ទេ។

សមត្ថកិច្ចបានបន្តថា ដោយសារតែមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងលោក ទៀង ច័ន្ទសារ អធិការខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការស្រាវជ្រាវរហូត ឈានដល់ការឆ្មក់ចូលបង្ក្រាបទីតាំងក្នុងផ្ទះសំណាក់ «លីហ្សា» ដោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ១៥នាក់ និងម្សៅក្រាមពណ៌សថ្លា ចំនួន ១៩កញ្ចប់តូចធំ ព្រមទាំងឧបករណ៍ពាក់ពន្ធ័មួយចំនួន និងម៉ូតូ ៣គ្រឿង ហើយសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យប្រុសស្រី ១៥នាក់ទៅអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ចបន្តថា ជនសង្ស័យប្រុសស្រី១៥នាក់ខាងលើនេះ សមត្ថកិច្ចយើងនឹងធ្វើតេស្តទឹកនោម ដើម្បីឲ្យដឹងថាពួកគេទាំងនោះមានពាក់ព័ន្ធនឹងគ្រឿងញៀនឬទេ ហើយក្រោយពីសមត្ថកិច្ចយើងធ្វើតេស្តរួចមក បើមិនឃើញមានអ្វីជាប់ពាក់ព័ន្ធនោះ គឺសមត្ថកិច្ចនឹងឲ្យពួកគេទាំងនោះទៅផ្ទះវិញ តែបើសិនជាមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនវិញនោះ សមត្ថកិច្ចយើងនឹងអនុវត្តតាមនិតិវិធីច្បាប់។ ចំណែកឯម្ចាស់ផ្ទះសំណាក់ទាំង ២នាក់ប្តីប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវផងដែរ។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងផ្ទះសំណាក់ «លីហ្សា» នេះ គឺសមត្ថកិច្ចយើងធ្លាប់ចុះចាប់ម្តងរួចមកហើយ នេះជាលើកទី២ហើយ ដែលសមត្ថកិច្ចយើងបានឆ្មក់ចូលបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១៥នាក់ ថ្នាំញៀន ១៩កញ្ចប់តូចធំ ឧបករណ៍សម្រាប់ជក់ និងចែកចាយមួយចំនួននិងម៉ូតូ ៣គ្រឿង។

គួររំឭកផងដែរថា រាល់បទល្មើសគ្រឿងញៀននៅតាមបណ្តាខណ្ឌដែលចាប់បាន គឺចេញពីតំបន់រោងចក្រឆ្នាំងទាំងអស់។ ចុះហេតុអ្វីបានជាអាជ្ញាធរខណ្ឌទួលគោក មិនមានវិធានការទៅលើក្រុមឈ្មួញដែលជួញដូរគ្រឿងញៀនខាងលើនេះទៅវិញ។

បច្ចុប្បន្នជនសង្ស័យទាំង ១៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/ecs6G0ns-XM

មតិយោបល់