ព័ត៌មានជាតិ

រថយន្តស៊ីណា ព្រលះម៉ូតូ១គ្រឿង របួសធ្ងន់ធ្ងរ រួចចុះត្រាំទឹកទាំងព្រឹក

ពោធិ៍សាត់ៈ បុរសម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជួបគ្រោះថ្នាក់រថយន្តបុកពីក្រោយនៅព្រឹកនេះ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១៦ ខែមករា នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិក្រពើលាវ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

បើតាមសមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយភាគីរថយន្តម៉ាក តូយូតា ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-2926 បើកបរក្នុងទិសដៅពីលិចទៅកើត (អ្នកបើកបររត់គេចខ្លួន) បានបុកម៉ូតូមួយគ្រឿងពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ធ្ងរ និងខូចខាតម៉ូតូ១គ្រឿង។ ម៉ូតូភាគីរងគ្រោះម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1C-1290 បើកបរដោយឈ្មោះ ម៉ាន់ ច្រូច ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្រោយបុកម៉ូតូពីក្រោយហើយនោះ រថយន្តបង្កបានជ្រុលល្បឿន ធ្លាក់ផ្លូវចូលត្រាំទឹកប្រឡាយទាំងព្រឹក។ បច្ចុប្បន្នទាំងរថយន្តបង្ក និងម៉ូតូ ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែង បញ្ជូនទៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕

មតិយោបល់