កំពតៈ ជនសង្ស័យបីនាក់ បន្លំចូលលួចទ្រព្យសម្បត្តិ ខណៈដែលម្ចាស់ផ្ទះរវល់ យកបានប្រាក់មួយចំនួនធំ តែពេលបែកការរត់មិនរួច ជាប់អន្ទាក់សមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរោងការមួយកន្លែង ស្ថិតក្នុងភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំងបីនាក់នោះរួមមាន ទី១ឈ្មោះ សុង ភក្តី អាយុ ២០ឆ្នាំ ភេទប្រុស ។ ទី២ឈ្មោះ ចាន់ ទូច អាយុ ២២ឆ្នាំ ភេទប្រុស និងជនសង្ស័យទី៣ឈ្មោះ អ៊ុង សុខហេង អាយុ១៩ឆ្នាំ ភេទប្រុស អ្នកទាំង៣នាក់ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ចំណែកឯម្ចាស់ផ្ទះដែលរងគ្រោះឈ្មោះ ឡុច ចន្នី អាយុ៣៥ឆ្នាំ ភេទស្រី បាត់អស់លុយខ្មែរចំនួន ៨០២,០០០រៀល លុយដុល្លារចំនួន ១៥៧ដុល្លារ និងទូរសព្ទដៃចំនួន ៣គ្រឿង ។
ក្រោយពេលដឹងថាបាត់ ទ្រព្យសម្បត្តិម្ចាស់ផ្ទះមានការសង្ស័យលើជនសង្ស័យទាំង៣នាក់ខាងលើ ក៏នាំគ្នាជាមួយអ្នកភូមិដេញតាម និងប្តឹងសមត្ថកិច្ច រហូតស្ទាក់ចាប់បាន ដោយដេញប្រផាប់ចាប់ប្រភីង ។
ក្រោយពេលឃាត់ខ្លួនបានសមត្ថកិច្ចឆែកឆេរពិតជាឃើញ វត្ថុតាងដែលបានបាត់ទាំងនោះមែន ហើយក៏បានប្រគល់ជូន ជនរងគ្រោះវិញភ្លាមៗដែរ។
បច្ចុប្បន្នជនសង្ស័យ៣នាក់ ខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
មតិយោបល់