ព័ត៌មានជាតិ

រន្ធត់ណាស់! លោកតាវ័យចំណាស់ម្នាក់ ជិះកង់បត់ឆ្លងផ្លូវ ត្រូវម៉ូតូបុកស្លាប់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់

បាត់ដំបង: នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៤និង២៦នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងកង់ និងម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់និងរងរបួសធ្ងន់ លើផ្លូវជាតិលេខ៥៧B ក្រុមទី០៩ ភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញលោកតាម្នាក់មានអាយុ៧៥ឆ្នាំ បានជិះកង់១គ្រឿង ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបត់មកខាងឆ្វេងឆ្លងផ្លូវ ស្របពេលនោះក៏មានម៉ូតូ១គ្រឿងម៉ាកឃ្លិក ពណ៌ស ស៊េរីឆ្នាំ២០២១ ទិសដៅស្របគ្នា បើកបរក្នុងល្បឿនយ៉ាងលឿន បណ្តាលឲ្យបុកកង់ ស្លាប់បុរសវ័យចំណាស់នៅកន្លែងកើតហេតុម្នាក់ និងភាគីខាងម៉ូតូប្រុសស្រី២នាក់ រងរបួសធ្ងន់ ។

ជនរងគ្រោះឈ្មោះ នូ ពៅ ភេទប្រុស អាយុ៧៥ឆ្នាំ មានទីលំនៅភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង (បានស្លាប់)។ ចំណែកជនរងគ្រោះ២នាក់ទៀត៖ ១-ឈ្មោះ ហ៊ុន ម៉ានីត ភេទប្រុស អាយុ២១ ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង រងរបួសធ្ងន់ ,២-ឈ្មោះ សឿន ស៊ីណា ភេទស្រី អាយុ២០ឆ្នាំ រងរបួសធ្ងន់ ,ទាំងពីរនាក់នេះមានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ។ ជនរងគ្រោះត្រូវគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ។ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

.

មតិយោបល់