ព័ត៌មានជាតិ

កម្លាំងចម្រុះខណ្ឌចំការមន ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ មួយកន្លែង

ភ្នំពេញៈ កម្លាំងចម្រុះ របស់គណៈបញ្ជាការឯកភាពសាលាខណ្ឌចំការមន ដឹកនាំកម្លាំងជាច្រើននាក់ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង កាលពីវេលាម៉ោង៩ និង៤៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ២៦ ផ្លូវ៩៧ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការបង្ក្រាបនេះ គឺមានការចូលរួមពីកម្លាំងចម្រុះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ប៊ុន សុភ័ក្រ្ត អភិបាលរងខណ្ឌចំការមន សហការជាមួយនិងរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ដឹកនាំកម្លាំងជាច្រើននាក់ ចុះបង្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដែលកំពុងធ្វើឲ្យសិស្សានុសិស្សមួយចំនួន តែងតែគេចសាលារៀន មកលេងហ្គេម ខាតបង់ទាំងថវិកា និងពេលវេលា បណ្តាលឲ្យខូចអនាគតទៀតផង។

ជាលទ្ធផលការបង្ក្រាបនេះដែរ កម្លាំងមានសមត្ថកិច្ចធ្វើការដកហូតបានទូហ្គេមបាញ់ត្រីចំនួន២ទូ ផងដែរ ហើយទូហ្គេមបាញ់ត្រីទាំង២គ្រឿងនេះ ត្រូវបានកម្លាំងមានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅសាលាខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការវាយកម្ទេចចោលនៅពេលក្រោយតាមបន្តទៀត៕

មតិយោបល់