ភ្នំពេញៈ ក្រុមក្មេងស្ទាវប្រុសស្រីចំនួន១០នាក់ រួមនិងម្សៅក្រាមសថ្លាចំនួន១កញ្ចប់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួន ខណៈពួកគេបាននាំគ្នាទៅជួលបន្ទប់ផ្ទះសំណាក់ភូមិគ្រិះ ប៊្លូ ហូមដើម្បីសម្ងំប្រើប្រាស់គ្រឿងញៀន។
ការឃាត់ខ្លួនពួកគេទាំង១០នាក់នេះបានធ្វើឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ផ្ទះសំណាក់ ភូមិគ្រិះ ប៊្លូ ហូម តាមបណ្តោយផ្លូវ១៩៨២ ក្រុម៩ ភូមិភ្នំពេញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយមានបទបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានឲ្យកម្លាំងប៉ុស្តិ៍ទាំងបួនក្នុងខណ្ឌ ចុះត្រួតពិនិត្យតាមផ្ទះសំណាក់ទាំងអស់ ដើម្បីទប់ស្កាត់នៅបទល្មើសគ្រឿងញៀន ដែលជាយុទ្ធនាការលុបបំបាត់គ្រឿងញៀន។ ជាក់ស្តែងសមត្ថកិច្ចបានចុះមកដល់ផ្ទះសំណាក់ខាងលើហើយសុំគោលការណ៍ពីលោកព្រះរាជអាជ្ញា ដើម្បីធ្វើការឆែកឆេនិងត្រួតពិនិត្យចំនួន៣បន្ទប់ ហើយរកឃើញក្រុមក្មេងស្ទាវប្រុសស្រីចំនួន១០នាក់ ក្នុងនោះមានស្រីម្នាក់ និងម្សៅក្រាមសថ្លាចំនួន១កញ្ចប់តូច និងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនទៀត រួមជាមួយម៉ូតូ២គ្រឿង ១គ្រឿម៉ាក់ហុងដាសេ១២៥ ស៊េរី ឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ និង១គ្រឿងទៀតម៉ាក Zoomer-X ពណ៌ស លាយខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FM-6058 ផងដែរ។
ក្រោយមកសមត្ថកិច្ចបាននាំខ្លួនពួកគេទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើតេស្តរកសារធាតុញៀន ដោយក្នុងចំណោម១០នាក់នោះ អ្នកមានសារធាតុញៀនចំនួន៩នាក់ ចំណែកម្នាក់ដែលគ្មានសារធាតុញៀន ត្រូវឲ្យត្រឡប់ទៅផ្ទះវិញហើយអ្នកទាំង៩នាក់ ដែលមានសារធាតុញៀននោះ សមត្ថកិច្ចកំពុងសាកសួរបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់