ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង បណ្តាលឲ្យស្លាប់ និងរបួស២នាក់ នៅស្រុកព្រៃនប់

ព្រះសីហនុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៦និង៤០ នាទីព្រឹក នៅចំណុច លើស្ពានទឹកសាប ចន្លោះបង្គោលគីឡូម៉ែត្រ លេខ ២០៤-២០៥ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់និង របួសធ្ងន់ម្នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក DAEWOO ( រថយន្ដដឹកសម្រាម ) ពណ៌ខៀវ គ្មានពាក់ស្លាក លេខ ធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ បើកបរដោយឈ្មោះ ឈាត ឈឿន ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរបើកបររថយន្ដ ដឹកសំរាម មានទីលំនៅភូមិខ្ចារ ឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាម ។

សមត្ថកិច្ចបន្តថា លុះមកដល់ចំណុចខាងលើ រថយន្ដបានរេចង្កូតមកខាងឆ្វេងដៃ ខណៈនោះ មានរថយន្ដ០១ គ្រឿងម៉ាក HYUNDAI ពណ៌សលាយ ខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-5978 ក្នុងទិសដៅផ្ទុយគ្នា អ្នកបើកបរមិនទាន់ស្គាល់ អត្តសញ្ញាណបានបុក ចំពីមុខតែម្ដង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលអោយមានមនុស្សស្លាប់ ០១នាក់ និងរងរបួស០១នាក់ ។ ជនរងគ្រោះឈ្មោះ ឈាត ឈឿន ភេទប្រុស អ្នកបើកបរ រថយន្ដ ម៉ាក DEVO ស្លាប់នៅកន្លែង កើតហេតុ និងអ្នកបើកបរ រថយន្ដម៉ាក HYUNDAI រង របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាន់ នៅមន្ទីរពេទ្យ ខេត្ត ព្រះ សីហនុ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុង តែស្វែងរកសាច់ញាតិ ជនរងគ្រោះ ដែលស្លាប់ ដើម្បីប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ។ រីឯវត្ថុតាង បានយកមករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ដើម្បីកសាង សំណុំរឿងអនុវត្ត បន្តតាមនីតិវិធី ៕

មតិយោបល់