ព័ត៌មានជាតិ

បើកម៉ូតូលឿនទៅបុកគូទរថយន្តគេចំពីក្រោយ ស្លាប់ភ្លាមៗទាំងព្រឹក

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បើកម៉ូតូក្នុងល្បឿនលឿនទៅបុកគូទរថយន្តរបស់គេដែលកំពុងបើកបរនៅខាងមុខយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ លើបណ្តោយផ្លូវជាតិលេខ១ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ ប្រាក់ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិឡឥដ្ឋ ឃុំព្រែកស្តេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកហុងដា១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-1714 បើកបរដោយ បុរសម្នាក់ ក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង ធ្វើដំណើរក្នុងល្បឿនលឿន លុះបានមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្តមួយគ្រឿងមិនចាំម៉ាក បណ្តាលឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូ ដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ចំណែករថយន្តបានបើកគេចខ្លួនបាត់ស្រមោល ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ជំនាញ បានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ ដោយបានទំនាក់ទំនងទៅកាន់សាច់ញាតិឲ្យមកទទួលយកសាកសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់