ព័ត៌មានជាតិ

Update៖ បុគ្គលិកក្រុមហ៊ុនតេលាម្នាក់ សល់៣ខែទៀតចូលរោងការ បែរជាចងកសម្លាប់ខ្លួន

ភ្នំពេញៈ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញយកច្រវ៉ាក់ចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ហើមស្អុយ នៅក្នុងបន្ទប់លេខ៩ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ជួលលេខ៩ ជាន់ទី១ ផ្ទះលេខ១៣៤អា ផ្លូវបេតុង ក្រុម១ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលធ្វើអត្តឃាតចងក នោះមានឈ្មោះ ផា សូលីដា អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនតេលា ផ្នែកតេលាហ្គាស ស្នាក់នៅកន្លែងកើតហេតុខាងលើ មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ចំណែកឯនារីជាគូដណ្តឹងមានឈ្មោះ យន់ ដាលីន ហៅយឿន អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា មានទីលំនៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។ បច្ចុប្បន្នអ្នកទាំង ២នាក់ជាគូដណ្តឹងនឹងគ្នា ដោយបានភ្ជាប់ពាក្យនិងគ្នាបានរយៈពេល ៣ខែមកហើយ និងគ្រោងរៀបការនៅខែមេសា ខាងមុខនេះ។

សមត្ថកិច្ចបានបន្តថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៧យប់ ជនរងគ្រោះបានទៅសុំលុយម្តាយបង្កើតនៅស្រុក ដើម្បីយកទៅលួសទូរសព្ទដែលខ្លួនបានដាក់បញ្ជាំគេ តែម្តាយបានប្រាប់ថា មិនឲ្យលុយទេ ដោយរូបគាត់ប្រាប់ថាចាំព្រឹកស្អែករូបគាត់ទៅលួស ហើយក្រុមគ្រួសារបានស្តីបន្ទោសឲ្យបន្តិចបន្ទួច។

ប្រភពបន្តថា បន្ទាប់ពីម្តាយប្រាប់បែបនេះរួចមក រូបគេបានត្រឡប់មកបន្ទប់ផ្ទះជួលវិញ ខណៈពេលមកដល់ រូបគេបានឲ្យគូដណ្តឹងបើកទ្វារចូលទៅក្នុង បានមួយស្ទុះក្រោយមក រូបគេបានទៅយកច្រវ៉ាក់ដែកប្រវែង២ម៉ែត្រ ដាក់ចូលក្នុងហោប៉ោខោ ហើយរត់ចេញ។ ពេលនោះ ស្ត្រីដែលជាគូដណ្តឹងបានសួរ ជនរងគ្រោះ រូបនោះថា ទៅណា? ហើយបុរសរូបនោះបានប្រាប់ថា ទៅមើលក្មួយលង់ទឹកនៅឯពេទ្យ រួចក៏បានរត់ចេញពីបន្ទប់ជួល ដោយអត់ពាក់ស្បែងជើងទៅទេ។ ភ្លាមៗនោះ ស្ត្រីជាគូរដណ្តឹងខំរត់តាមដែរតែរត់តាមមិនទាន់ ក៏បាត់ឈឹងរហូតដល់វេលាម៉ោងខាងលើ ក៏មានអ្នកជួលបន្ទប់ក្បែរនោះ ធំក្លិនស្អុយភាយចេញពីក្នុងបន្ទប់នោះ ក៏មានការសង្ស័យបានរត់ទៅប្រាប់អ្នកមើលការខុសត្រូវបន្ទប់ជួល ហើយក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាទៅបើកទ្វារបន្ទប់មើល ពេលនោះ ស្រាប់តែឃើញជនរងគ្រោះយកច្រវ៉ាក់ចងក ភ្ជាប់នឹងចម្រឹងដែកជាប់ជញ្ជាំងបន្ទប់ ដែលមានសភាពហើមស្អុយទៅហើយ។

ក្រោយពីកើតហេតុ អ្នកមើលការខុសត្រូវបន្ទប់ជួលបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ហើយក៏បានរាយការទៅសមត្ថកិច្ចជំនាញមកពិនិត្យមើលនៅកន្លែងកើតហេតុ។

បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យមើលរួចរាល់មក គឺជនរងគ្រោះពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ ចំណែកឯសាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យនៅវត្តព្រែកព្នៅ តាមប្រពៃណី៕

https://youtu.be/MDLTiy0TOIE

មតិយោបល់