ភ្នំពេញ: នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ លោក ឆេង ពិដោរ និងក្រុមការងារបានយកអំណោយមាន អង្ករ៥០គីឡូ ទឹកដោះគោ១ឡូ ត្រីខ១កេះ មី១កេះ ត្រីងៀត១គីឡូ ទឹកត្រី១យ៊ួ ទឹកសីុអីុវ១យ៊ួ ប្រេងឆា១ដប ផ្អក១គីឡូ ថៃប៉ូវ១គីឡូ និងថវិកាចំនួន៣០មឺុនរៀល និងចូលរួមពីសប្បុរសជន កញ្ញា មុនី អប្សារ ៦មឺុនរៀល, លោក លីម ស៊ុយហេង ៨មឺុនរៀល, លោក សេរី បញ្ញាសក្តិ ៤មឺុនរៀល, ហ៊ា លុចគ្រែកោង រតនគីរី ១០មឺុនរៀល ដល់លោកយាយ សាន់ តៅ នៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
ស្ថិតក្រោមកម្តៅហួតហែង រាងកាយស្ទើរតែប្រេះបែកស្រការ ជ្រកក្រោមខ្ទមស្ទឹកធ្លុះធ្លាយដ៍តូចមួយដែលមានទំហំ២ឬ៣ម៉ែត្រ កំពស់ជាងកន្លះម៉ែត្រពីដី ក្រាលដោយរនាបឬស្សីបាក់ប្រហោង លាយឡំស្នូរសម្លេងខ្យល់បានបក់ផាយផាត់ រសាត់ជាមួយនិងពពកខ្មៅដុំៗ កលនឹងភ្លៀងៗម្តងៗ ខណ:ផ្ទៃដីជុំវិញនោះបានប្រេះបែកក្រហែង មួយថ្ងៃៗរងចាំតែព្រះភិរុណធ្លាក់ចុះមក វាសនាលោកយាយ សាន់ តៅ និងកូនពិការភ្នែកពីកំណើត ពេលនេះត្រូវបានព្រហ្មលិខិតផ្តល់ក្តីសង្ឃឹមហើយ បន្ទាប់ពីទ្រនំថ្មី នឹងលេចឡើងក្នុងពេលឆាប់ៗជាមួយនឹងអណ្តូងទឹក ដ៍ថ្មីស្រឡាងមួយក្នុងភូមិ។
ក្រោយការផ្សព្វផ្សាយពីសារព័ត៏មាន Post News ដែលទើបនឹងបង្កើតឡើង បានរយៈពេលជាងជិត ១ខែ ដែលមានគោលបំណងសម្រាប់បំរើប្រយោជន៍ជូនប្រជាជនទូទៅ ជាក់ស្តែង ការទ្បើងរឿងលោកយាយ សាន់ តៅ មកចុះផ្សាយក្នុង App (Post News Media), គេហទំព័រ postnews.com.kh និងទំព័រហ្វេសប៊ុក Post News Media បានតែ១ថ្ងៃប៉ុណ្ណោះ ប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុកក្នុងនោះមានទាំងតារាចម្រៀងផងដែរ ក៍បានបង្ហាញនូវការចាប់អារម្មណ៍ ជោគវាសនា របស់លោកយាយពិការជើង និងកូនពិការភ្នែក រហូតម្នាក់ៗ នាំយកអំណោយស្ទើរតែគ្រប់មុខ និងថវិការមកប្រគល់ និងសួរសុខទុក្ខជាមួយលោកយាយ ទោះបីការធ្វើដំណើរចំណាយពេលជិត១ម៉ោង ពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ២យ៉ាងណាក៍ដោយ ក៍ម្នាក់ៗនៅតែឆ្លៀតពេលចង់មក ចង់ឃើញ និងចង់ស្តាប់ ដោយផ្ទាល់ផងដែរ មិនតែប៉ុណ្ណោះសូម្បីតែព្រះសង្ឃពេលខ្លះនិមិន្ត តាំងពីខេត្តឆ្ងាយ ហេតុតែចង់ឃើញ និងចង់ជួយលោកយាយ សាន់ តៅ ក្រៅពីនោះមានទាំងក្រុមយុវជនចុះមក តំណាងជាប្រមុខរដ្ឋាភិបាលផងដែរ៕
មតិយោបល់