មន្ត្រីរាជការជាច្រើនរូបបានលួចខ្សឹបនាយ ក្តាមប្រៃ យើងឲ្យដឹងថា ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពតលោកស្រី ព្រំ សុភាព បាននឹងកំពុងឃុបឃិតគ្នាជាមួយប្រធានការរិយាល័យហិរញ្ញវត្ថុ នឹងផែនការ ដោយបានរួមដៃគ្នាប្រព្រឹត្តិអំពើពុករលួយ កិបកេងថវិកាជាតិយ៉ាងច្រើនដាក់ចូលហោប៉ៅរបស់ខ្លួន យ៉ាងត្រជាក់មេជើង ដោយគ្មានមន្ត្រីថ្នាក់ក្រោមណា ហ៊ានក្អកជាមួយឡើយ ហើយក៏គ្មានខាងអធិការកិច្ចណាចុះទៅត្រួតពិនិត្យអ្វីដែរទេដែល ធ្វើឲ្យលោកស្រីរូបនេះសំងំស៊ីលុយក្រៅប្រព័ន្ធរាប់ឆ្នាំបានដោយរលូន។
ក្រុមមន្ត្រីដដែលបានខ្សឹប ប្រាប់នាយ ក្តាមប្រៃយើងឲ្យដឹងទៀតថា ចាប់តាំងពីអំឡុងខែ សីហា ឆ្នាំ២០១៣ ក្រោយពេលដែលលោកស្រី ព្រំ សុភាព បានឡើងធ្វើជាប្រធានមន្ទីរសង្គម ខេត្តកំពត ជំនួសលោក ទេព ឆែម ដែលចូលនិវត្តន៍។ ភាពមិន ប្រក្រតីនៅក្នុងមន្ទីរមួយនេះ ក៏បានកើតមានឡើងជាបន្តបន្ទាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ដោយផលប្រយោជន៍មួយចំនួនធំ បានធ្លាក់ចូលកណ្តប់ដៃលោកស្រី ប្រធានមន្ទីរ យ៉ាងស្ងាត់ស្ងៀម។
ក្រុមមន្ត្រីបានខ្សឹបប្រាប់នាយ ក្តាមប្រៃ ឲ្យដឹងថា បន្ទាប់ពីលោកស្រី ព្រំ សុភាពបានឡើងជាប្រធានមន្ទីររូបគាត់ មិនសូវប្រឹងប្រែងការងារជូនសង្គមទេ ផ្ទុយទៅវិញ ប្រធានមន្ទីររូបនេះប្រឹងតែរកវិធីសាស្ត្រ ដើម្បីទាញយកលុយជាតិមកចូលហោប៉ាវផ្ទាល់ខ្លួនដោយសហការយ៉ាងរលូនជាមួយអនុប្រធានមន្ទីរ លោក វ៉ាន់ ចាន់ដា និង លោក ហ៊ៅ ញ៉ាន់ ប្រធានការិយាល័យហិរញ្ញវត្ថុ និងផែនការ។
ចំណែកអនុប្រធានមន្ទីរ២រូបផ្សេង ទៀត និងមន្ត្រីជាច្រើនទៀតគឺមិនត្រូវបានគេឲ្យដឹងពីខ្ទង់ចំណាយនានារបស់មន្ទីរឡើយ ។
ក្រុមមន្ត្រីដដែលបានខ្សឹបប្រាប់នាយ ក្តាមប្រៃ យើងបន្តទៀតថា ក្នុងរយៈពេលដែលលោក ស្រី ព្រំ សុភាព មកដឹកនាំមន្ទីរគឺរូបគាត់ទទួលបាន ផលប្រយោជន៍ច្រើន ជាងសម័យលោកប្រធានមន្ទីរចាស់ ដោយសារតែលោកស្រីជាមនុស្សពូកែរ វៃឆ្លាត ក្នុងការទំនាក់ទំនងនឹងធ្វើផែនការហិរញ្ញវត្ថុចេះបំប៉ោងនឹងបន្ថយទួលេខយ៉ាងជុំនាញ ហើយបើគាត់មិនចេះក្បៀសទេធ្វើមេចបានសល់លុយដូរឡាន នឹងធ្វើផ្ទះថ្មី។
ក្នុងរយៈពេលកាន់កាប់ជាប្រធានមន្ទីររយៈពេល៣ឆ្នាំមកនេះ ផលប្រយោជន៍ដែលគាត់ទទួលបានគឺមិនតិចជា៥០០លាន រៀលទេ ដែលបានពីការកិបកេងថវិកាជាតិជាពិសេសគឺប្រាក់ចំណាយរជ្ជទេយ្យ និងប្រាក់ មួយចំនួនពីការសាងសង់អគារមន្ទីរ រូមនឹងប្រាក់ចំណាយលើផ្នែកទិញសំភារៈ។ ក្រៅពីនោះ គឺកិបកេងប្រាក់ចំណាយសំរាប់ទិញ មី ត្រីខ អង្ករ និងសំភារៈតូចតាចសំរាប់ចែកជូន ពលរដ្ឋក្រីក្រ នៅក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ ដោយគាត់បានបំប៉ោងទួលេខធ្វើឲ្យគាត់បានសល់ប្រាក់រាប់សិបលានរៀលផងដែរ។
បើយោងតាមរបាយការណ៍បានឲ្យដឹងថា នៅឆ្នាំ២០១៤ និង ឆ្នាំ២០១៥ ក្នុងមួយឆ្នាំៗមន្ទីរ មួយនេះបានផ្តល់អំណោយដល់ពលរដ្ឋក្រីក្រ ពលរដ្ឋរងគ្រោះ រឺពលដែលងាយរងគ្រោះចំ នួន៥០០គ្រួសារក្នុងមួយឆ្នាំៗ ប៉ុន្តែសំរាប់ការចំណាយពិត បញ្ជីឈ្មោះខ្លះនៃអ្នកទទួលអំណោយគឺជាឈ្មោះខ្មោចផងឈ្មោះពិតផង ដោយម្ចាស់ខ្លួនគេមិនបានទទួលអំណោយ។ ហើយ មួយចំនួនទៀត គឺបានទទួលអំណោយដូចជា មី ត្រីខ អង្ករ ទឹកត្រី និងសំភារៈតូចតាចដែល គិតជាទឹកប្រាក់ក្នុងមួយគ្រួសារៗ ទទួលបានយ៉ាងច្រើនត្រឹម៩ម៉ឺនរៀលដែលសរុបការចំ ណាយក្នុងមួយឆ្នាំៗអស់ទឹកប្រាក់យ៉ាច្រើនត្រឹមខ្ទង់៤០លានរៀល ។
ប៉ុន្តែសំរាប់ការចំណែកលើផ្នែកនេះគឺឡើង ទ្វេគុណនៃការចំណាយពិត ហើយផលប្រយោជន៍ជាច្រើនបានទៅលើលោកស្រី ប្រធាន មន្ទីរ ព្រំ សុភា និងលោកអនុប្រធានមន្ទីរ វ៉ាន់ ចាន់ដា រូមនឹងមន្ត្រីជំនិតរបស់គាត់ពីរ បីរូបទៀ តតែប៉ុណ្ណោះ។
ចំណែកមន្ត្រីក្របខណ្ឌ៣០រូបទៀតដែលបំរើការងារនៅក្នុងមន្ទីរ និងការិយាល័យក្នុងស្រុក រូមមន្ត្រីកិច្ចសន្យាជាច្រើនរូបទៀតពុំទទួលបានផលប្រយោជន៍អ្វីឡើយ។
ក្រុមមន្រ្តីដដែលបានខ្សឹបប្រាប់នាយក្តាមប្រៃយើងថា ពួកគាត់បានទម្លាយរឿងរ៉ាវនេះខ្សឹបនាយក្តាមប្រៃនេះ គឺចង់បានឲ្យដំណឹងនេះបានឭទៅដល់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានចុះធ្វើអង្កេតលើភាពពុករលួយរបស់លោកស្រី ព្រំ សុភាព នឹងបក្ខពួកគាត់ពីរបីនាក់នោះផង បើទុកឲ្យគាត់បន្តពុកហើយរលួយបែបនេះវាធ្វើឱ្យថវិកាជាតិរលាយក្រោមកណ្តាប់ដៃជនពុករលួយមួយក្តាប់តូចនេះមិនខាន៕
ដោយ៖ នាយ ក្តាមប្រៃ
មតិយោបល់