ព័ត៌មានជាតិ

ក្មេងស្ទាវ​កាប់គ្នា​ដូចរឿង​ចិនហុងកុង នៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ យ៉ាងហោចណាស់មនុស្សម្នាក់​បានរងរបួស ក្នុងហេតុការណ៍ ក្មេងស្ទាវ​កាប់គ្នាដូច​រឿងចិនហុងកុង ដែលដាក់បញ្ចាំងតាមស្ថានីយ៍ទូរទស្សន៍ ។​

ក្រោយហេតុការណ៍កក្រើកក្រុងព្រះសីហនុនេះ សមត្ថកិច្ចបាន ឃាត់​ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យកណ្តាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោយបង្ករឿងកាប់គ្នាយ៉ាងព្រៃផ្សៃ នៅចំណុចវិមានឯករាជ្យ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យមានជនរងគ្រោះម្នាក់រងរបួសកដៃទាំងសងខាង (ជិតដាច់) និងត្រូវក្បាល៣កាំបិត កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧កន្លងមក។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះមានឈ្មោះ មាស គឹមសាន អាយុ២៣ឆ្នាំ មុខរបរជាងចម្លាក់ មានទីលំនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ដោយជនសង្ស័យចំនួន ៥នាក់ ដែលឃាត់ខ្លួនមាន​ ១.ឈ្មោះ កុយ ដារ៉ា អាយុ១៧ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ២.ឈ្មោះ អ៊ុង ដារិទ្ធ អាយុ១៧ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ៣.ឈ្មោះ លី ជាសាង អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ៤.ឈ្មោះ គឹម វិសាល អាយុ១៦ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ៥.ឈ្មោះ ទេព វាសនា អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូហូលីដេរ មានទីលំនៅសង្កាត់១ ក្រុងព្រះសីហនុ។

បើតាមលោកស្នងការ បានបន្តថា វត្ថុតាងដែលដកហូតបាន រួមមាន ម៉ូតូម៉ាកស៊ូស៊ុគីនិច ២គ្រឿង, ម៉ូតូម៉ាកស្កុបពី ១គ្រឿង, ម៉ូតូម៉ាកស៊ូស៊ុគីលែត ១គ្រឿង, ដាវ១ដើម។

ជនសង្ស័យទាំង៥នាក់ បានសារភាពថា ពួកគេមានជម្លោះជាមួយភាគីខាងរងគ្រោះ តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ មកម្ល៉េះ មូលហេតុដោយសារភាគីរងគ្រោះ បានកាប់មិត្តភក្តិរបស់ពួកគេមុន ឈ្មោះ លី ជាសាង នៅចំណុចបុរីគុជអាស៊ី ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពេលនោះពួកគេមានគ្នា៩នាក់ បាននាំគ្នាដេញកាប់ទៅលើភាគីខាងរងគ្រោះ តែភាគីខាងរងគ្រោះរត់គេចខ្លួនទាន់ ហើយពួកគេបានតែកាប់ម៉ូតូរបស់ភាគីខាងរងគ្រោះតែប៉ុណ្ណោះ។

រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ពួកគេបានឃើញភាគីខាងរងគ្រោះ នៅវិមានឯករាជ្យ ជិះម៉ូតូ១គ្រឿង ម៉ាកស៊ូយស៊ូគីលែត មានគ្នា៣នាក់ ពេលនោះពួកគេមានគ្នា៩នាក់ ដោយមានដាវ២ដើម ខណៈនោះជនសង្ស័យឈ្មោះ កុយ និងឈ្មោះ ឈិត ស្ទុះទៅកាប់ជនរងគ្រោះតែម្តង។ តែកាប់បានតែម្នាក់ដែលជិះពីក្រោយ ឈ្មោះ មាស គឹមសាន តែប៉ុណ្ណោះ ចំណែកឯអ្នកបើកម៉ូតូ និងអ្នកជិះកណ្តាលរត់គេចខ្លួនទាន់។ជនសង្ស័យទាំង៥នាក់ នេះកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់