ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីកូនខ្ចីម្នាក់ និងបុរសម្នាក់ ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន២នាក់ ក្នុងនោះមានស្ត្រីកូនខ្ចីម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការខណ្ឌចំការមន សហការជាមួយនិងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការចាប់ឃាត់ខ្លួន ខណៈពេលដែលពួកគេកំពុងតែធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាក់ស្តែង ដកហូតបានថ្នាំញៀនចំនួន២កញ្ចប់។

ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះលេខ២៣ ផ្លូវលេខ៤៧៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យប្រុសស្រីទាំង២នាក់ ដែលឃាត់ខ្លួនបានខាងលើ ទី១មានឈ្មោះ សាយ ចាន់នី ភេទស្រី អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ មានកូនប្រុសចំនួនពីរនាក់ នៅក្នុងបន្ទុកគ្រួសារ ដោយម្នាក់មានអាយុទើបតែ១ខែ និងម្នាក់ទៀតអាយុ២ឆ្នាំ (ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទជួញដូរគ្រឿងញៀនខុសច្បាប់) ទីកន្លែងស្នាក់នៅមិនពិតប្រាកដ និងជនសង្ស័យទី២ឈ្មោះ រ៉ា ភិរុណ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរចុងភៅ (ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅក្នុភោជនីយដ្ឋានមួយកន្លែង ផ្លូវលេខ១២៣ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌចំការមន សហការជាមួយនិងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានធ្វើការល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន លុះមកដល់ចំណុចខាងលើក៏បានប្រទះឃើញក្រុមជនសង្ស័យទាំង២នាក់ កំពុងតែធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាក់ស្តែង ក៏ធ្វើការឃាត់ខ្លួននិងដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាម ពណ៌សថ្លាចំនួន២កញ្ចប់តូចផងដែរ។

ក្រោយពេលឃាត់ខ្លួន ក្រុមជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រីទាំងពីរនាក់ រួមទាំងថ្នាំញៀនចំនួន២កញ្ចប់តូចដែលជាវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់