ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា នេះជាប្រធានបទសំរាប់ ទិវាពិភពលោកកាកបាទក្រហម ៨ឧសភា

ភ្នំពេញ: ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៦ លើកទី១៥៣ ប្រារព្ធ ធ្វើឡើងក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា និងមានការចូលរួមពី ឥស្សរជនមកពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ ប្រតិភូមកពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម តំណាងអង្គទូត សប្បុរសជនជាតិ អន្តរជាតិ វិស័យឯកជន ដៃគូសហប្រតិបត្តិការ មហាជនក្នុងរាជធានីភ្នំពេញ សមាជិក សមាជិកា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទ ក្រហមកម្ពុជា ប្រមាណជា៥ពាន់នាក់។

នៅក្នុងស្ថានភាព ដែលវិសាលភាពប្រតិត្តិការ របស់កាកបាទក្រហមកម្ពុជា មានទំហំធំឡើងៗ ជារៀងរាល់ឆ្នាំ ដើម្បីប្រសិទ្ធភាពនៃការបន្ត ផ្តល់សេវាមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ ជាពិសេសបង្កដោយការប្រែប្រួល អាកាសធាតុនោះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់ សប្បុរសជនជាតិ អន្តរជាតិ ជួយឧបត្ថមគាំទ្រ និងបរិច្ចាគ ជាសម្ភារៈ ថវិកា ដល់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ហើយកាកបាទក្រហម កម្ពុជា សង្ឃឹមយ៉ាងមុតមាំ ពីការចូលរួមរបស់សប្បុរសជននានា ដែលជាសក្ខីភាពបញ្ជាក់ឲ្យឃើញ ពីវប្បធម៌ នៃការចែករំលែក និងការចូលរួមកម្លាំងមនុស្សធម៌ ដើម្បីបុព្វហេតុមនុស្សជាតិ។

សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីប្រាព្ធខួបលើកទី១៥២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៥នេះ ក្រោមប្រធានបទ “កម្លាំងមនុស្សធម៌៖ គោលការណ៍គ្រឹះក្នុងសកម្មភាព” កាកបាទក្រហមកម្ពុជា ទទួលបានជំនួយបរិច្ចាគពីសប្បុរសជន សរុបបានប្រមាណ ១៣.៣៦៦.២៨៦ ដុល្លារ ដើម្បីធ្វើសកម្មភាពមនុស្សធម៌នានា។

គួររំលឹកថា កាលពីឆ្នាំ២០១៤ កន្លងមកនេះ កាកបាទក្រហមកម្ពុជា បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១៥១ នៃទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ “ខ្ញុំ និងកាកបាទក្រហម”។ ថវិកាដែលប្រមូលបានពីសប្បុរសជន នាពិធីនោះ សរុបមានចំនួន ១៤,៣៦០,៩៩៧ លានដុល្លារអាមេរិក ហើយថវិកា ១លានដុល្លារ ដែលទទួលបានក្នុងពិធី បានប្រគល់ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឲ្យមន្ទីរពេទ្យមួយនោះ មានលទ្ធភាពដំណើរការព្យាបាល ជូនដល់កុមារក្រីក្រ៕

V-03

មតិយោបល់