ព័ត៌មានជាតិ

ហាយឡែនឌ័រឆ្លងផ្លូវមិនប្រយ័ត្នបុកម៉ូតូ បណ្តាលឱ្យនារី​ម្នាក់រងរបួស

ភ្នំពេញៈ រថយន្តហាយ​ឡែនឌ័រមួយគ្រឿង បើកបរដោយបុរសម្នាក់ បើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនឹងម៉ូតូម៉ាកហុងដា C125 មួយគ្រឿង បណ្តាលឲ្យ​ដួល នារីម្នាក់រងរបួសត្រង់កជើង និងក្បាល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៧ នៅចំណុចផ្លូវព្រះមុនីវង្ស កែងនិងផ្លូវលេខ៤៦៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហាយ​ឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២Y-០៤៥៧ មួយគ្រឿង បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៤៦៦ បើកក្នុងទិសដៅពីកើតទៅលិចក្នុងគោលបំណងឆ្លងផ្លូវ។ លុះបើកមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ដោយខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលទៅបុកនឹងម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ​ពាក់ស្លាកលេខក្រចេះ១A-៩៣៥៩ មួងគ្រឿង បណ្តាលឲ្យ​ដួលបែកក្បាំង និង​នារីអ្នកបើកបររងរបួសត្រង់កជើង ក្បាល យ៉ាងដំណំផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌចំការមនក៏បានចុះមកដល់ធ្វើការវាស់វែងរកខុស ត្រូវ ដោយសារតែការខូចខាតម៉ូតូ និងមនុស្សរងរបួសស្រាលនោះ ក៏ធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូទារសំណងចំនួន៥០០ដុល្លារ តែភាគីរថយន្តបង្កក៏សុំសងប្រាក់ចំនួន២៥០ដុល្លារ ដើម្បីបញ្ចប់រឿង៕

មតិយោបល់