ព័ត៌មានជាតិ

សព្វថ្ងៃនេះ អត្រាមរណៈ របស់ទារកសម្រាលមិនគ្រប់ខែ នៅតែខ្ពស់នៅឡើយ បើធៀបប្រទេសក្នុងតំបន់

ភ្នំពេញ: លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា នៅកម្ពុជាសព្វថ្ងៃនេះ ចំនួនទារកសម្រាលមិនគ្រប់ខែមានចំនួនច្រើន ហើយអត្រាមរណៈរបស់ទារកសម្រាលមិនគ្រប់ខែនៅតែខ្ពស់នៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់។

លោកបានបន្តថា ការកើនឡើងនូវជំងឺអាឡែកហ្ស៊ី ក៏ជាការព្រួយបារម្ភ ដែលវាអាចប៉ះពាល់ដល់សុខភាព និងការលូតលាស់ទាំងរាងកាយ និងសតិបញ្ញារបស់កុមារ។ ទាក់ទងនឹងជំងឺរាករបស់កុមារវិញ ក៏នៅតែជាចំណុចចំបងនៃសុខភាពសាធារណៈ និងជាកត្តាបណ្តាលឲ្យមានការ ប៉ះពាល់ដល់ការលូតលាស់របស់កុមារ ជាពិសេសកង្វះអាហារូបត្ថម្ភ បើសិនជាកុមារទទួលរងនូវជំងឺរាករុសនេះញឹកញាប់ ឬរ៉ាំរ៉ៃ។

លោកបានសង្កត់ធ្ងន់ថា ការគ្រប់គ្រង ព្យាបាល ថែទាំទារកមិនគ្រប់ខែ ជំងឺរាក និងជំងឺអាឡែកហ្ស៊ី សុទ្ធតែជាអាទិភាព ដែលត្រូវយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល ក៏ដូចជាឆ្លើយតបនឹងនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយនូវអត្រាមរណៈរបស់កុមារ។ គោលបំណងរបស់សន្និសីទនេះ គឺដើម្បីផ្តល់នូវវេទិកាដល់អ្នកឯកទេសផ្នែករោគកុមារទាំងក្នុងប្រទេស និងក្នុងតំបន់បានចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍អំពីបច្ចុប្បន្នភាពរោគកុមារវិទ្យា ដែលទាក់ទងនឹងការអនុវត្តន៍ការថែទាំ, ព្យាបាលទារកទើបនឹងកើត, ជំងឺអាឡែកហ្ស៊ី និងជំងឺនៃប្រដាប់រំលាយអាហារ។

សូមបញ្ជាក់ថា នាសណ្ឋាគារសូហ្វីតែល នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ សមាគមគ្រូពេទ្យកុមារកម្ពុជា បានរៀបចំសន្និសីទលើកទី១ ស្តីពីបច្ចុប្បន្នភាពរោគកុមារវិទ្យានៅកម្ពុជា ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងព្រមទាំងសមាជិកសមាគមគ្រូពេទ្យកុមារកម្ពុជា ចំនួនជាង៣០០នាក់៕

0001 0002

មតិយោបល់