បាត់ដំបងៈ ប្រជាពលរដ្ឋប្រកបរបររត់ម៉ូតូកង់បីជាច្រើននាក់ ដែលកំពុងរង់ចាំដឹកអីវ៉ាន់ និងមនុស្សចេញចូលតាមច្រកតំបន់មួយចំនួនតាមព្រំដែនកម្ពុជា-ថៃ ដើម្បីបានកម្រៃគ្រាន់ដោះស្រាយជីវភាពគ្រួសារ បានថ្ងួញថ្ងូរយ៉ាងខ្លាំង បន្ទាប់ពីសមត្ថកិច្ចចរាចរណ៍នៅតំបន់នោះ ចាប់ផ្តើមរឹតបន្តឹងទៅលើពួកគេឲ្យអនុវត្តតាមច្បាប់ចរាចរណ៍ថ្មី។
បុរសវ័យចំណាស់ម្នាក់ ដែលប្រកបរបរដឹកជញ្ជូនតាមម៉ូតូរ៉ឺម៉កកង់បី នៅចំណុចមុខច្រកតំបន់គីឡូ១៣ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បាននិយាយថា អ្នកប្រកបមុខរបររត់ម៉ូតូកង់បីដូចរូបលោកនេះ គឺមិនប្រកាន់ក្នុងការដឹកនោះទេ បើជួបទំនិញ គឺដឹកទំនិញ តែបើត្រូវដឹកពួកកម្មករក៏ត្រូវតែដឹកពួកគេ ធ្វើយ៉ាងណាឲ្យតែបានប្រាក់ចំណូលគ្រាន់បានចិញ្ចឹមប្រពន្ធ និងកូនៗដែលកំពុងរៀន។
លោកបន្តថា សព្វថ្ងៃពិបាកណាស់ ព្រោះច្បាប់ចរាចរណ៍ផ្លូវគោកថ្មី តម្រូវឲ្យនគរបាលស្រុកសំពៅលូន ត្រួតពិនិត្យរឹតបន្តឹងយ៉ាងតឹងរឹង ជាពិសេសការពាក់មួកសុវត្ថិភាព។
ជាក់ស្ដែង លោកធ្លាប់ត្រូវសមត្ថកិច្ចពិន័យអស់៣ម៉ឺនរៀល រួចម្ដងហើយ ដោយសារមនុស្សដែលលោកដឹកមានគ្នា៤នាក់ ប៉ុន្តែពាក់មួយសុវត្ថិភាពតែ២នាក់ប៉ុណ្ណោះ។
ដោយឡែក ប្រភពផ្សេងទៀត បានឲ្យដឹងថា មានពេលខ្លះក្រុមកម្មករ ឬក៏ប្រជាពលរដ្ឋដែលជិះម៉ូតូកង់បី ត្រូវចុះដើរថ្មើរជើងរាប់រយម៉ែត្រ នៅពេលពួកគេដឹងថា មានគោលដៅរបស់រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍របស់ប៉ូលិសនៅខាងមុខ គឺពួកគេសុខចិត្តចុះដើរដើម្បីគេចឲ្យផុតពីការពិន័យពីការមិនពាក់មួកសុវត្ថិភាព តែធាតុពិត គឺម្ចាស់ម៉ូតូកង់បី គ្មានលុយទិញមួក។
ប្រភពដដែលបន្តថា តាំងពីយូរមកហើយ ដែលនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ គឺតាមច្រកចេញចូលនីមួយៗ តែងតែមានមធ្យោបាយធ្វើដំណើរតាមម៉ូតូកង់បីនេះ ប៉ុន្តែគេមិនដឹងថា ប្រភេទម៉ូតូកង់បី ដែលចាប់រ៉ឺម៉កពីចំហៀងម៉ូតូនេះ មានចែងនៅក្នុងច្បាប់ដែរឬទេ ថាតើពួកគេត្រូវនាំម៉ូតូនេះទៅបង់ពន្ធ និងបំពាក់ស្លាកលេខតាមបែបម៉ូតូតុកៗដែរទេ? បច្ចុប្បន្ន ពួកគេកំពុងទទួលរងនូវការគំរាមពីសំណាក់សមត្ថកិច្ចចរាចរណ៍ក្នុងស្រុកសំពៅលូនថា បើមិនព្រមរកមួកឲ្យអ្នកជិះពាក់បានគ្រប់គ្នាទេ គេនឹងបិទមិនឲ្យម៉ូតូកង់បី ធ្វើចរាចរនៅលើដងផ្លូវ ដោយអះអាងថា ប្រភេទម៉ូតូកង់បីនេះ គឺខុសលក្ខណៈបច្ចេកទេសទាំងអស់។
ករណីនេះដែរ លោកវរសេនីយ៍ឯក សាត គឹមសាន នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ថ្លែងប្រាប់ Post News នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះថា តាមផ្លូវច្បាប់ គឺរាល់អ្នកធ្វើដំណើរតាមទោចក្រយានយន្ត និងត្រីចក្រយានយន្ត ត្រូវពាក់មួយសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា ប៉ុន្តែសំខាន់ គឺស្ថិតនៅលើការអនុវត្តន៍ ថាតើអាចទៅរួចដែរឬយ៉ាងណា?។
តែទោះជាយ៉ាងណាក៏លោកបានទទូច និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ធ្វើយ៉ាងណាត្រូវរួមគ្នាអនុវត្តច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមចំណែកកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ និងការពារជីវិត៕
មតិយោបល់