ខេត្តព្រះសីហនុ ០៥ ខែសីហា ២០១៥ ៖ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ លោក ណុប ហេង បានឪ្យដឹងថា ក្រុងព្រះសីហនុត្រូវការថវិកាជាង ៣០លានដុល្លាអាមេរិក ក្នុងការកែលម្អរសោភណ័ភាពផ្លូវដីឪ្យក្លាយទៅជាផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ និងការកែលម្អជួសជុលផ្លូវកៅស៊ូ និងបេតុងចាស់ឡើងវិញ ដោយសារតែផ្លូវបេតុង និងផ្លូវកៅស៊ូបច្ចុប្បន្នត្រូវរងការខូចខាតជាបណ្តើរៗហើយ ។លោកណុបប្រធានមន្ទីរបានបញ្ជាក់ថា មន្ទីរជាអ្នកគ្រប់គ្រងផ្លូវមានប្រវែង ១៤៨គីឡូម៉ែត្រ និង៨៥០ម៉ែត្រ គឺផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវជាតិជាតិលេខ៤៥ (ផ្លូវកែងចាប់ពីព្រលានយន្តហោះកងកេងទៅរាម) ។
ក្នុងឆ្នាំ២០១៥ មន្ទីរទទួលបានគម្រោងជួសជុលពង្រីកផ្លូវពីរខ្សែរ ខ្សែរទី០១ គឺផ្លូវជាប់របងមន្ទីរពេទ្យបង្អែកចំការចេកមានប្រវែង ១.២០០ម៉ែត្រ ដោយធ្វើការជួសជុល និងពង្រីកបន្ថែមសងខាងដោយចាក់អ៊ុតកៅស៊ូ BST និងខ្សែទីពីរផ្លូវផែរដោយធ្វើលូអមសងខាងផ្លូវមានប្រវែងជាង ១.៥០០ម៉ែត្រ ដែលមានមុខកាត់ទទឹង០.៨ម៉ែត្រ និងកំពស់ ០.៨ម៉ែត្រ ដោយចំណាយថវិកា ២ពាន់លានរៀល ។លោកប្រធានមន្ទីរបានឪ្យដឹងបន្តទៀតថា បច្ចុប្បន្នខេត្ត មានផ្លូវកៅស៊ូ និងផ្លូវបេតុងប្រវែង ៨២គីឡូម៉ែត្រ ក្នុងនោះផ្លូវកៅស៊ូ ៦៥.៥០គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ១៦.៥០គីឡូម៉ែត្រ និងមានផ្លូវដីប្រវែង ៦២គីឡូម៉ែត្រផ្សេងទៀត ។
មន្ទីរបានធ្វើគម្រោងស្នើសុំថវិការកែលម្អ ដើម្បីប្រែក្លាយផ្លូវដី ទៅជាផ្លូវបេតុង និងផ្លូវកៅស៊ូ ដើម្បីសម្រួលចរាចរណ៌សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តនៅខេត្តព្រះសីហនុ ។ ម្យ៉ាងទៀតផ្លូវកៅស៊ូសំខាន់ៗមួយចំនួនក្នុងក្រុងព្រះសីហនុបច្ចុប្បន្នកំពុងរងការខូចខាតជាអន្លើៗដោយសារទឹកភ្លៀង និងការដឹកជញ្ជូន ។លោក ណុប ហេង បានបញ្ជាក់ថា មន្ទីរក៌បានធ្វើការស្នើសុំទៅអាជ្ញាធរខេត្ត ក៌ដូចជាថ្នាក់ជាតិ ដើម្បីពង្រីកផ្លូវពីចំណោទយាយម៉ៅក្នុងសង្កាត់១ កាត់ទៅតំបន់ទំនប់រលកស្ថិតក្នុងភូមិ៣ មានប្រវែង ២.៨១០ម៉ែត្រ ដើម្បីបញ្ចៀសការកកស្ទះ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៌ ព្រោះផ្លូវចុះចំណោទយាយម៉ៅកន្លងមក តែងតែបង្កគ្រោះថ្នាក់ចរាចរណ៌ បណ្តាលឪ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ព្រមទាំងអាយុជីវិតមនុស្សទៀតផង ។
នៅឆ្នាំ២០១៦ខាងមុខនេះ មន្ទីរមានគម្រោងជួសជុលពង្រីកផ្លូវនៅអូរឈើទាលមុខផ្ទះសម្តេចតេជោ ហ៊ុន សែន ពី ៧ម៉ែត្រ ទៅដល់ ១៣ម៉ែត្រ និងផ្លូវប៉ូរ៉ូវៃដោយពង្រីក ១ម៉ែត្រសងខាង ក៌ប៉ុន្តែការគ្រោងទុកនោះបានសម្រេចឬយ៉ាងណា គឺអាស្រ័យថ្នាក់ខេត្ត ក្រសួងសាធារណះការ និងអន្តក្រសួងជាអ្នកសម្រេចតែប៉ុណ្ណោះ ដូច្នេះមន្ទីរគ្រាន់តែជាអ្នកធ្វើគម្រោងស្មើសុំជួសជុលកែលម្អផ្លូវក្នុងក្រុងព្រះសីហនុ ដើម្បីប្រែក្លាយពីផ្លូវដីមកជាផ្លូវបេតុង កៅស៊ូ និងជួសជុលផ្លូវកៅស៊ូមានស្រាប់ដោយចាក់អ៊ុតកៅស៊ូACដើម្បីជាការប្រើប្រាស់បានយូរ ។ លោក ណុប ហេង បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៤កន្លងមក មន្ទីរបានធ្វើការជួសជុលផ្លូវពីរខ្សែ គឺខ្សែទី១ ផ្លូវចាប់ពីសាខាគយ និងរដ្ឋករខេត្តព្រះសីហនុ រហូតដល់ការិយាល័យប៉ូលីសចរាចរណ៌ផ្លូវគោកមានប្រវែង ១.២០០ម៉ែត្រ ដោយធ្វើលូរអមសងខាងផ្លូវ និងខ្សែទី២ ជួសជុលពង្រែកផ្លូវជាងលីមមានប្រវែងជាង ១.០០០ម៉ែត្រដោយចាក់អ៊ុតកៅស៊ូ AC ឪ្យសក្ក័សមជាខេត្តទេសចរណ៌និងជាប៉ូលសេដ្ឋកិច្ច ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំងបី ដែលប្រសិទ្ធនាមថា ជាតារារះនាទិសនិរតី ៕
មតិយោបល់