ព័ត៌មានជាតិ

កុងតឺន័រក្រុមហ៊ុនផែស្ងួត តិចស្រុន របូតកង់ទៅបុកម៉ូតូសេ១២៥ មនុស្សវ័យចំណាស់២នាក់របួសធ្ងន់ស្រាល

កណ្តាលៈ មនុស្សប្រុសស្រីវ័យចំណាស់២នាក់ រងរបួសធ្ងន់និងស្រាល ក្រោយពីរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន តិច ស្រុន មួយគ្រឿង ខណៈដែលកំពុងបើកបរស្រាប់តែរបូតកង់ បណ្តាលឲ្យកង់ដែលរបូតនោះទៅបុកជាមួយនឹងម៉ូតូហុងដាសេ១២៥ ដែលកំពុងជិះឌុបគ្នាដោយជនរងគ្រោះទាំង២នាក់ បណ្តាលឲ្យដួលរងរបួសតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រ លេខ១៨-១៩ ក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

អ្នកបើកបររថយន្តបង្កមានឈ្មោះ និន សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាអ្នកបើករថយន្តឲ្យក្រុមហ៊ុន តិច ស្រុន មានទីលំនៅភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់និងស្រាល ទី១មានឈ្មោះ ញ៉ែម សារ៉ុម ភេទប្រុស អាយុ៥៥ឆ្នាំ (រងរបួសបាក់ជើងខាងឆ្វេង) ជិះឌុបប្រពន្ធដែលជាជនរងគ្រោះម្នាក់ទៀត ឈ្មោះ ម៉ម សុផល អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ (រងរបួសស្រាល) អ្នកទាំង២នាក់ប្តីប្រពន្ធស្នាក់នៅក្នុងភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តកុងតឺន័រ ម៉ាក STERLING ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-7020 របស់ក្រុមហ៊ុនផែស្ងួត តិច ស្រ៊ុន បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបង្កបានរបូតកង់ក្រោយផ្នែកខាងឆ្វេង(សឺមីរឺម៉ក) បណ្ដាលឲ្យកង់រថយន្តដែលរបូតនោះទៅបុកម៉ូតូ សង់ស៊េរីឆ្នាំ២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-9486 ដែលកំពុងជិះឌុបគ្នា២នាក់ប្តីប្រពន្ធ បណ្តាលឲ្យដួលទៅលើដងផ្លូវរងរបួសធ្ងន់និងស្រាល ត្រូវបាន ក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

ក្រោយកើតហេតុ សម្ថកិច្ចជំនាញ នឹងប៉ុស្ដិ៍រដ្ឋបាលបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងវាស់វែង និងបាននាំខ្លួនអ្នកបើកបររថយន្តបង្ក រួមទាំងមធ្យោបាយទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់