ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យអ្នកបើករថយន្តដើម្បីរកសារធាតុញៀន

កណ្តាលៈ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយកម្លាំងជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត ផ្នែកសណ្តាប់ធ្នាប់ស្រុក កម្លាំងអន្តាគមន៍ និងប៉ុស្តិ៍រដ្ឋបាលជាច្រើននាក់ ចុះត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបររថយន្តគ្រប់ប្រភេទ កាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចំណតរថយន្ត ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ការចុះត្រួទពិនិត្យនេះដែរ មានការដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ និងមានការចូលរួមពី នាយរងការិយាល័យប្រឆាំងគ្រឿងញៀននគរបាលខេត្តកណ្តាល លោក អធិការរងនគរបាលស្រុក រួមនិងកម្លាំងអន្តរាគមន៍ស្រុកជាច្រើននាក់ ចុះធ្វើការត្រួតពិនិត្យទៅលើអ្នកបើកបររថយន្តចំនួន៤៩នាក់។

លោកអធិការបានលើកឡើងថា ដោយមានការចង្អុរបង្ហាញពី ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងនគរបាលខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ណែនាំឲ្យនគរបាលស្រុកកោះធំ ឲ្យ ស្វែងរកសុខជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុក ជាពិសេសសុវត្ថិភាពការចរាចរណ៍លើដងផ្លូវឲ្យចុះធ្វើការអប់រំកិច្ចសន្យា និងធ្វើការត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើករថយន្តដល់គោលដៅ។

ដូច្នេះហើយ ទើបនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៦ និង៣០នាទី កម្លាំងអធិការនគរបាលស្រុក បានសហការជាមួយជំនាញប្រយុទ្ធគ្រឿងញៀននគរបាលខេត្តចុះធ្វើយុទ្ធនាការ ធ្វើការអប់រំ កិច្ចសន្យា និងធ្វើការត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើករថយន្ត ចំនួន១គោលដៅ នៅចំណុចចំណតរថយន្តក្នុងភូមិឃុំខាងលើ។

ជាក់ស្តែងក្នុងយុទ្ធនាការចុះពិនិត្យរកសារធាតុញៀនលើអ្នកបើកបរយានយន្តនេះគឺពិនិត្យបានចំនួន៤៩គ្រឿង ស្មើនឹង៤៩នាក់ ក្នុងនោះ រួមមាន៖ រថយន្តធំចំនួន៧គ្រឿង ស្មើ៧នាក់ លទ្ធផលគ្មានផ្ទុកសារធាតុញៀន, រថយន្តតាក់ស៊ីដឹកអ្នកដំណើរចំនួន៤២ គ្រឿង ស្មើនឹង៤២នាក់ លទ្ធផលរកឃើញអ្នកបើកបររថយន្តដឹកអ្នកដំណើរចំនួន៣គ្រឿង ស្មើនឹង៣នាក់ មានផ្ទុកសារធាតុញៀន។

បច្ចុប្បន្នអ្នកទាំង៣ នាក់ត្រូវបានសមត្ថកិច្ចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើកិច្ចសន្យាអប់រំ និងហៅអាណាព្យាបាលឲ្យយកពួកគេទៅមណ្ឌលបន្សាបគ្រឿងញៀន៕

មតិយោបល់