ព័ត៌មានជាតិ

RX 300 បើក​លឿនដូចហោះរេ​ចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៣ផ្ទាំង

ភ្នំពេញៈ បុរសម្នាក់បើករថយន្តលឿនដូចហោះបានរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៣ផ្ទាំង ចំណែករថយន្តរងការខូចខាតទាំងស្រុងបើកទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមដ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក Lexus RX 300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2H-5916 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ថែមទាំងមាននារីស្រស់សោភា៣នាក់ទៀតរួមដំណើរផងដែរ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យ​ដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កបើកយ៉ាងលឿនតាមបណ្តោយផ្លូវ២៧១ ក្នុងទឹសដៅពីជើងទៅត្បូង ពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតមកឆ្វេងបុករបាំងថ្មទាំងកំរោលតែម្តង បណ្តាលឲ្យ​បាក់ដួល៣ផ្ទាំង និងរងរបួសបែកក្បាលស្រ្តីជិះម្នាក់ទៀតផង។ ប្រភពដដែលបន្តថា ភ្លាមៗនោះអ្នកទាំង៤នៅក្នុងរថយន្តបានរត់ចុះពីរថយន្តគេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានទាក់ទងទៅកម្លាំងជំនាញ ដើម្បីស្ទួចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់