កំពតៈ កម្មកររោងចក្រ ស៊ីម៉ងត៍ខេស៊ីមេន ២នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន២គ្រាប់ ប្លន់យកម៉ូតូ១គ្រឿងទៅបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅម៉ោងប្រមាណ១០និង៣០នាទីយប់ ថ្ងៃទី២២ មករា ម្សិលមិញ នៅចំណុចផ្លូវចូលរោងចក្រស៊ីម៉ងត៍ខេស៊ីមេន ស្ថិតក្នុងភូមិ ក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។
លោកអនុសេនីយ៍ទោ អ៊ុក សំអុល បានប្រាប់ post news ឲ្យដឹងថា ជនរងគ្រោះ មានគ្នាពីរនាក់ទី១ឈ្មោះ ពៅ ដេវ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រជាអ្នកបើកបរម៉ូតូ បានរងរបួសធ្ងន់ និងម្នាក់ទៀតជិះពីក្រោយពុំស្គាល់ឈ្មោះ។
ចំណែកជនល្មើសមិនទាន់មានភិនភាគច្បាស់លាស់ទេ រីឯម៉ូតូដែលត្រូវបានក្រុមចោរយកទៅនោះ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ស្លាកលេខ ១G-8659។
លោកនាយប៉ុស្តិ៍បន្តថា នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូចេញពីរោងចក្រខាងលើសំដៅទៅផ្ទះដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានជនសង្ស័យមួយក្រុម មកស្ទាក់ផ្លូវបាញ់ ត្រូវជនរងគ្រោះ២គ្រាប់ប្លន់យកម៉ូតូតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងរកឃើញសំបកគ្រាប់ចំនួន២ ជាប្រភេទគ្រាប់កាំភ្លើង Glock។ ភ្លាមៗនោះជនរងគ្រោះ ក៏បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕
មតិយោបល់