ព័ត៌មានជាតិ

រន្ធត់!.. បើកម៉ូតូទៅបុកគូទរថយន្តកុងតឺន័រឈប់ស្ងៀម ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈពេលដែលជិះម៉ូតូម៉ាកហុងដាសេ១២៥ មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនពេលយប់ងងឹតតែម្នាក់ឯង ក៏បានទៅបុកនឹងរថយន្តកុងតឺន័រមួយគ្រឿងដែលចតនៅស្ងៀមលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅខាងកើតវត្តជ្រោយអំពិល ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌ពីនគរបាលបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ស៊ីម សាយ អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-3239 មួយគ្រឿងក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិចចូលមកភ្នំពេញតែម្នាក់ឯង ដោយសារតែស្ថានភាពយប់ងងឹតនោះ ក៏បានទៅបុកពីក្រោយ រថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3D-1888 ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យបែកក្បាលស្លាប់បាត់បង់ជីវិភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ សពរបស់បុរសរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត។ ចំណែកឯម៉ូតូ និងរថយន្តក្រោយពីកម្លាំងចំណាញចរាចរណ៍ខណ្ឌច្បារអំពៅធ្វើការវាស់វែងរកខុសត្រូវរួចហើយ ក៏បានបញ្ជូនយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕

មតិយោបល់