ព័ត៌មានជាតិ

រត់តុមិនកាក់កប លួចទូរសព្ទគេ ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យជានារីម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ ធ្វើការចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចទូរសព្ទរបស់គេមួយគ្រឿងបានសម្រេច ហើយព្យាយាមគេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង ១០នាទី ព្រឹកថ្ងៃ២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចច្រកចូលខាងជើង ក្នុងផ្សារសាមគ្គី ផ្លូ២៣៣ ក្រុមទី៧ ភូមិ៥ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ កែវ ស្រីលក្ខិ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរអ្នករត់តុហាងស៊ុបផ្កាម្លិះ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវ២៣៣ ក្រុមទី៧ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក មានស្រុកកំណើត ភូមិចំណោមរោងគោ ឃុំគោកពន្លៃ ស្រុកបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងដកហូតបាន រួមមានទូរសព្ទដៃមួយគ្រឿង ម៉ាកSamSung Note3 ពណ៌ស ជារបស់ជនរងគ្រោះបានធ្វើការប្រគល់ឲ្យជនរងគ្រោះឈ្មោះ ផង់ វុធធឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ សន្តិសុខផ្សារសាមគ្គី ស្នាក់នៅក្នុងផ្សារសាមគ្គី ផ្លូវ២៤៥ ក្រុមទី៧ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

មុនពេលកើតហេតុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១និង២០នាទីយប់ ជនរងគ្រោះ ឈ្មោះ ផង់ វុធធឿន កំពុងដេកលង់លក់ ដោយបានទុកទូរសព្ទដៃម៉ាក SamSung Note3 ពណ៌សសាកថ្មនៅលើក្បាលដំណេក នៅច្រកចូលខាងជើងក្នុង ផ្សារសាមគ្គី ពេលនោះជនសង្ស័យ បានដើរចូលក្នុងផ្សារសាមគ្គី ពេលឃើញជនរងគ្រោះ កំពុងលង់លក់ ក៏ធ្វើសកម្មភាពលួចទូរសព្ទរបស់ជនរងគ្រោះ ហើយគេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះ បានបើកមើលកាមេរ៉ាសុវត្ថិភាពរបស់ផ្សារ ក៏ស្គាល់មុខជនសង្ស័យ និងផ្ទះស្នាក់នៅ លុះមកដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៩និង១០នាទី ជនរងគ្រោះឃើញជនសង្ស័យ ក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ ដើម្បីធ្វើការសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់