ភ្នំពេញៈ បុរសម្នាក់ ដែលទើបនឹងចេញពីមណ្ឌលកែប្រែ តូចចិត្តបងប្អូនស្តីបន្ទោសឲ្យរាល់ថ្ងៃពេក រត់ទៅចងកសម្លាប់ខ្លួន ទុកឲ្យប្រពន្ធ និងកូនរស់នៅគ្មានទីពឹង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី១ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ចាន់ ហ្គ្រាន់ណា អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីបងស្រីរបស់ជនរងគ្រោះឈ្មោះ ចាន់ ម៉ៅ អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅភូមិកើតហេតុជាមួយគ្នាបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញជនរងគ្រោះអង្គុយស្រងេះស្រងោចម្នាក់ឯងមិននិយាយស្ដីសោះ មើលទៅហាក់បីដូចជាគ្មានព្រលឹងនៅក្នុងខ្លួនសូម្បីតែបន្តិច។ លុះមកដល់ថ្ងៃកើតហេតុស្រាប់តែឃើញជនរងគ្រោះចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹកធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិរត់នាំគ្នាមកជួយសង្គ្រោះ។ ប៉ុន្តែសំណាងអាក្រក់ជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ។
ប្រភពដដែលបន្តថា កាលពីប៉ុន្មានខែមុនជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយត្រូវក្រុមគ្រួសារបានយកទៅមណ្ឌលកែប្រែឱកាសខ្ញុំចំនួន៦ខែម្ដងរួចមកហើយ ដោយចង់ឲ្យជនរងគ្រោះផ្ដាច់ខ្លួនចេញពីសារធាតុញៀន។ ពេលដែលជនរងគ្រោះចេញពីមណ្ឌលកែប្រែហាក់បីដូចជាគ្មានព្រលឹងនៅក្នុងខ្លួនអង្គុយមើលមេឃមើលផ្កាយថែមទាំងត្រូវបងប្អូនស្តីបន្ទោសឲ្យទៀតធ្វើឲ្យជនរងគ្រោះដាច់ចិត្តចងកសម្លាប់ខ្លួនឯងតែម្ដងទៅ។
ក្រោយពីកើតហេតុគេឃើញនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីត្រួតពិនិត្យនិងធ្វើកោសលវិច័យទៅលើសាកសព បានបញ្ជាក់ថា សាកសពជនរងគ្រោះពិតជាស្លាប់ ដោយសារចងកសម្លាប់ខ្លួនឯងមែន។
ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបាននគរបាលមូលដ្ឋានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
មតិយោបល់