ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រមួយគ្រឿង បើកទៅបុកពីក្រោយរថយន្តម៉ាកឡិចស៊ីសLX ៤៧០ ដែលកំពុងបើកមកកាក់ពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តឡង់គ្រឺស័ររងការខូចខាតកាងខាងមុខ បង្កជាជម្លោះពាក្យសម្តីគ្នាជជែកតឹងសសៃករាងខ្លួន ផ្អើលប្រជាពលរដ្ឋនាំគ្នាចោមរោមមើលរាយការណ៍ជូនសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥៩នាទី យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខសាលាអន្តរជាតិ ឃិតវ័រ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១០ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តឡង់គ្រឺស័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-5857 ជិះដោយប្តីប្រពន្ធ២នាក់ ដែលបើកបរដោយបុរសជាប្តី បានធ្វើដំណើរតាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅពីលិចទៅកើត ស្របទិសគ្នាជាមួយរថយន្តឡិចស៊ីស៤៧០ ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2P-4037 ជិះដោយប្តីប្រពន្ធ២នាក់ដូចគ្នា បានបើកបរឆ្លងស្តុបដោយរថយន្តឡង់គ្រឺស័រស៊េរីទំនើប បានបើកបរនៅខាងមុខរថយន្តឡិចស៊ីស LX៤៧០ ខណៈមកដល់ចំណុចកើតហេតុ រថយន្តឡិចស៊ីស៤៧០ ព្យាយាមបើកវ៉ារថយន្តឡង់គ្រឺស័រ ដោយរថយន្តឡិចស៊ីស៤៧០ បានបើកមកកាក់ឈប់ពីមុខភ្លាមៗ ធ្វើឲ្យរថយន្តឡង់គ្រឺស័របុកគូទពីក្រោយពេញទំហឹង រងការខូចខាតផ្នែកខាងមុខ។
បន្ទាប់មកម្ចាស់រថយន្តទាំងសងខាងបានប្រកែកគ្នារកខុសរកត្រូវរៀងៗខ្លួនតឹងសសៃក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍សម្របសម្រួលដោយខាងរថយន្តឡិចស៊ីស៤៧០ព្រមសងថ្លៃខូចខាតទៅម្ចាស់រថយន្តឡង់គ្រីស័រចំនួន៥០០ដុល្លារ។
ក្រោយកើតហេតុ តែដោយសារភាគីខាងម្ចាស់រថយន្តឡង់គ្រីស័រមិនព្រមទទួលសំណង ក៏ឲ្យម្ចាស់រថយន្តឡិចស៊ីសLX៤៧០ យករថយន្តរបស់ខ្លួនទៅជួសជុលឲ្យដូចដើម៕




មតិយោបល់