ព័ត៌មានជាតិ

ផ្តន្ទាទោស ស្ដ្រីមេបនល្បែងស៊ីសងស្ទូចគម្របក្លងប្រេងកូឡា ដាក់ពន្ធនាគារ១ តែព្យួរទាំងអស់

ភ្នំពេញ: ក្រោយពីបានចំណាយពេលសាកសួរអស់ជាច្រើនថ្ងៃរួចមកនោះ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងក្រុងភ្នំពេញបាន បើកសវនាការជំនំជម្រះផ្ទាល់ លើសំណុំរឿង បើកល្បែងស៊ីសងដោយខុសច្បាប់ និងបានប្រកាសសាលក្រមភ្លាមៗ ដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ យឹម ច្រឹប ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកល្បែងស៊ីសង ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដាក់ពន្ធនាគារកំណត់រយ:ពេល ១ឆ្នាំ ប៉ុន្តែទោសទាំងអស់ត្រូវព្យួរធម្មតា មិនតម្រូវឱ្យអនុវត្តទោសនៅក្នុងគុកនោះទេ ពោលគឺសវនាការនេះ ធ្វើឡើងដើម្បីបង្គ្រប់កិច្ចឱ្យតុលាការ អាចមានឆន្ទានុសិទ្ធ ដោះលែងជនជាប់ចោទ ឱ្យទៅបន្តមុខរបរ បើកបនល្បែងជាថ្មីម្តងទៀតតែប៉ុណ្ណោះ។

លោក កុល បុន ជាតំណាងអយ្យការ បានចោទប្រកាន់ជនជាប់ចោទឈ្មោះ យឹម ច្រឹប ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកល្បែងស៊ីសង ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពីបទ បើកកន្លែងលេងល្បែងស៊ីសង ប្រព្រឹត្តកាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នៅចំណុច រោងកម្មករស្នាក់នៅក្នុងបុរីប៉េងហួត ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ យោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង។

នៅក្នុងសវនាការ ជនជាប់ចោទឈ្មោះ យឹម ច្រឹប បានសារភាពថា ខ្លួនបានបើកកន្លែងលែងល្បែងស៊ីសងខាងលើនោះ បាន២ខែមកហើយ ដោយមានអ្នកមកលេង ៤ទៅ៥នាក់។ ជនជាប់ចោទ បន្ដថា ខ្លួនធ្វើជាមេ និងជាអ្នកស៊ីសង ចាក់១ សង១០។

គួររំលឹកថា សមត្ថកិច្ចនគរបាលផ្នែកយុត្តិព្រហ្មទណ្ឌខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ បានចុះបង្ក្រាបជាក់ស្តែង ករណីបើកលេងល្បែងស៊ីសងគ្មានច្បាប់អនុញ្ញាត ប្រភេទស្ទូចគម្របក្លងប្រេងកូឡា ដោយឃាត់ខ្លួនបានជនជាប់ចោទស្ត្រីខាងលើនៅចំណុច រោងកម្មករស្នាក់នៅក្នុងបុរីប៉េងហួត ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច បានដកហូត វត្ថុតាងមួយចំនួនរួមមាន៖
-ធុងសម្រាប់ស្ទួចគម្របក្លងប្រេងកូឡាចំនួន ៣
-ដងស្ទួចគម្របក្លងប្រេងកូឡា ចំនួន ២ដើម
-គ្រាប់ក្លងប្រេងកូឡា ចំនួន ២៤គ្រាប់
-ក្រណាត់កៅស៊ូក្រាលសម្រាប់ចាក់លេខ ចំនួន ១ផ្ទាំង
-ប្រាក់រៀលចំនួន ២៦ម៉ឺន
-ខ្សែដៃប្លាកទីន ចំនួន ១ខ្សែ
-កងដៃប្លាកទីន ចំនួន ៤កង
-ចិញ្ជៀនមាស ចំនួន ៤វង់
-ចិញ្ជៀនប្លាកទីន ចំនួន ១វង់
-ខ្សែជើងកាឡៃ ចំនួន ២ខ្សែ
-និងក្រវិលកាឡៃ ចំនួន ១គូ។

ក្រោយពីឃាត់ខ្លួនស្រ្តីរូបនេះសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបាននាំយកទៅសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

//youtu.be/EZBmOeQYYWE

មតិយោបល់