ភ្នំពេញៈ រថយន្ត HINO ធន់ធំមួយគ្រឿងដែលផ្ទុកទៅដោយបំពង់ខ្យល់អុកស៊ីសែនយ៉ាងច្រើនពេញក្នុងរថយន្ត បានបោលទៅបុកនឹងរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងដែលគេចតដាក់លក់នៅស្ងៀម បណ្តាលឲ្យធ្លាក់ទៅក្នុងប្រឡាយទឹកស្អុយខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ខណៈពេលដែលបើកចុះពីលើស្ពានហើយដាច់ហ្វ្រាំងជាន់មិនជាប់។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៥០នាទីល្ងាច ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៧ នៅចំណុចផ្លូវខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក HINO ចំណុះ៣តោនកន្លះ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3A-6747 មួយគ្រឿង បើកបរដោយបុរសម្នាក់ និងព្រូម្នាក់ ចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងទិសដៅពីជើង ទៅត្បូង ក្នុងបំណងបើកឡើងទៅតាមផ្លូវព្រះមុនីរ៉េត លុះបើកមកដល់ចំណុចកើតហេតុ ខាងលើក៏ដាច់ហ្វ្រាំងជាន់មិនជាប់ ដោយខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃក៏បួងចង្កូតបត់ឡើងលើចិញ្ចើមផ្លូវ ទៅបុកនឹងរថយន្តម៉ាកកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2E-9502 មួយគ្រឿង ដែលគេចតដាក់លក់នៅស្ងៀមខាងក្រោមស្ពាន បណ្តាលឲ្យធ្លាក់ទៅក្នុងប្រឡាយទឹកស្អុយ រងការខូចខាតយ៉ាងដំណំតែម្តង ហើយអ្នកបើកបរ និងព្រូនាំគ្នាចុះរត់គេចខ្លួនបាត់ស្រមោលអស់។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងស្ទូចរថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់