កណ្តាល:ស្រីក្រមុំម្នាក់ធ្វើអត្តឃាត ដោយផឹកថ្នាំពុល វេលាម៉ោង១២:៥២នាទី យប់រំលងអធ្រាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចលើផ្ទះ ឈ្មោះ អ៊ុ ចក់ ភូមិបឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
មុនពេលកើតហេតុ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ មាន សុធាន ភេទស្រី អាយុ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មការិនី ទីលំនៅបច្ចុប្បន្ន នៅភូមិបឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ធ្វើការរោងចក្រនៅភ្នំរពញ ប៉ុន្តែក្រោយមក អាយុមិនគ្រប់ រោងចក្រក៍មិនទទួលឲ្យធ្វើបន្តទៀត។
សមត្ថកិច្ចបន្តថា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៥ល្ងាច ជនរងគ្រោះ បានត្រឡប់មកដល់ផ្ទះវិញ បានដើររកខ្ចីអត្តសញ្ញាណប័ណ្ណ និងសៀវភៅរបស់គេ ដែលគ្រប់អាយុ ដើម្បីកែច្នៃ បំណងឲ្យបានចូលធ្វើការរោងចក្រវិញ តែត្រូវឪពុកម្តាយ ស្តីបន្ទោសមិនឲ្យខ្ចីរបស់គេ ជនរងគ្រោះក៏បានទៅទិញថ្នាំបំពុលសត្វកណ្តុរ មកផឹក និងទូរស័ព្ទប្រាប់ម្តាយមីងថា ខ្លួនលាសិនហើយ ម្តាយមីងក៏ប្រាប់ឪពុកម្តាយបង្កើត ហើយបាននាំគ្នាឡើងទៅមើលជនរងគ្រោះលើផ្ទះ ទើបដឹងថាជនរងគ្រោះផឹកថ្នាំពុល ក៏យកទៅសង្គ្រោះ នៅពេទ្យគរគី ស្រុកកៀនស្វាយ តែគ្រូពេទ្យ មិនអាចជួយសង្គ្រោះបាន ជនរងគ្រោះបានស្លាប់។
ករណីនេះ សមត្ថកិច្ច, គ្រូពេទ្យ និងក្រុមគ្រួសារសព បានពិនិត្យឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារ ផឹកថ្នាំពុលស្លាប់ពិតប្រាកដមែន ដោយការសន្និដ្ឋានថា គឺខឹង និងឪពុកម្តាយ រឿងមិនឲ្យខ្ចីអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារគេ កែអាយុទៅធ្វើការរោងចក្រ។ ក្រោយពិនិត្យរួចបាន ប្រគល់សាកសពជូន ឪពុកបង្កើតឈ្មោះ អ៊ុ ចក់ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់