ព័ត៌មានជាតិ

បញ្ជូនខ្លួនក្រុមជនសង្ស័យលួចលុយធនាគារអេស៊ីលីដា ជាង១លានដុល្លារ ទៅកាន់តុលាការបានបន្តិចក៏យកទៅវិញ

ភ្នំពេញៈ នៅម៉ោងប្រមាណ៥ល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ បានបញ្ជូនជនសង្ស័យចំនួន ៦នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី លួចលុយជាង ១លានដុល្លារពី ធនាគារ អេស៊ីលីដា សាខាបាត់ដំបង។

ជនសង្ស័យទាំង៦នោះរួមមាន ទី១ឈ្មោះ ស៊ីវ សុភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ។ ទី២ឈ្មោះ ឡេវ ឆាយ ភេទប្រុស អាយុ៣៨ឆ្នាំ។ ទី៣ឈ្មោះ បឿន សំណង់ ភេទប្រុស អាយុ៣៧ឆ្នាំ។ទី៤ឈ្មោះ ជា សិលា ភេទប្រុស អាយុ៣៤ឆ្នាំ។ ទី៥ឈ្មោះ ញឹក សារ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ។ ទី៦ឈ្មោះ ឈន ទឹន ភេទប្រុស អាយុ៣៨ឆ្នាំ។

ទោះយ៉ាងណាសមត្ថកិច្ចបានបញ្ជូនខ្លួនក្រុមជនសង្ស័យទៅកាន់សាលាដំបូងបានប្រហែលតែ១០នាទី ក៏នាំជនសង្ស័យត្រលប់ទៅវិញដោយរង់ចាំចំណាត់ការរបស់តុលាការនៅព្រឹកថ្ងៃស្អែក។

ពាក់ព័ន្ធករណីនេះប្អូនស្រីបង្កើតរបស់ជនសង្ស័យម្នាក់ក្នុងចំណោម៦នាក់ បានអះអាងយ៉ាងខ្លីប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រឿងនេះមិនពិតទេ ហើយវាជារឿងអយុត្តិធម៌ចំពោះក្រុមជនសង្ស័យបំផុត។

គួររំឭកថា ក្រុមជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧តាមដីកាបញ្ជារបស់ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៦នាក់ធ្វើឡើងតបតាមពាក្យរបស់លោក អ៊ិន ចាន់នី ប្រធានធនាគារអេស៊ីលីដា ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដោយប្តឹងជនសង្ស័យទាំង៦រូបពីបទ រំលោភលើសេចក្តីទុកចិត្តដោយអភិបាលការងារ ប្រព្រឹត្តទៅកាលពីឆ្នាំ២០១៤-២០១៥ ដែលមានទំហំទឹកប្រាក់ ប្រមាណជាង១លានដុល្លារអាមេរិច នៅក្នុងធនាគារអេស៊ីលីដា សាខាក្រុងបាត់ដំបង ដោយភាពមិនប្រក្រតីនោះមាន ដូចជាបញ្ហាទំហំឥណទាន និងការបន្លំឯកសារសាធារណៈជាដើម៕

មតិយោបល់