ព័ត៌មានជាតិ

នារីរូបស្រស់ម្នាក់បើករថយន្តដល់ផ្លូវកោងមិនបន្ថយល្បឿនទៅបុករថយន្តនិងម៉ូតូបណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់

ភ្នំពេញៈ នារីរូបស្រស់ម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន មកដល់ផ្លូងកោងមិនព្រមបន្ថយល្បឿន ក៏ធ្វើជ្រុលចង្កូតរថយន្តទៅបុក នឹងម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ រួចរថយន្តនោះមិនទាន់អស់ល្បឿនក៏ជ្រុលចង្កួតបន្ត ទៅបុកចូលរបងផ្ទះរបស់ប្រជាពលរដ្ឋដែលនៅខាងស្តាំ បណ្តាលឲ្យបាក់ទ្វាររុញចូលទៅបុករថយន្តឡិចស៊ីស១គ្រឿងរបស់ម្ចាស់ផ្ទះរងការខូតខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣៥យប់ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវបេតុងវត្តអង្គតាមិញ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-8963 បើកបរដោយនារីម្នាក់ឈ្មោះ ពៅ សុបញ្ញាណាផា អាយុ២២ឆ្នាំ ធ្វើការក្នុងប្រលានយន្តហោះពោធិ៍ចិនតុង ស្នាក់នៅផ្ទះលេខ ៤៦E0 ផ្លូវ១១០ ក្រុម៥ ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

តាមសាក្សីបានបន្ថែមថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1AM- 2799 ដែលជិះដោយបុរស២នាក់ឌុបគ្នា តាមបណ្តោយផ្លូវបេតុងអង្គតាមិញក្នុងទិសដៅពីជើងទៅត្បូង។ រីឯរថយន្តម៉ាកហាយឡែនឌ័របើកបរដោយនារីម្នាក់ បើកមកពីក្រោយស្របទិសដៅគ្នានោះ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវកោង រថយន្តមិនព្រមបន្ថយល្បឿន ក៏ធ្វើឲ្យរថយន្តនោះរ៉េចង្កូតមកស្តាំដៃបានទៅបុកពីក្រោយម៉ូតូស្តុបពីនោះពីក្រោយ យ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្សនិងម៉ូតូហោះប៉ើងដូចសំឡី រងរបួសធ្ងន់ធ្ងរ២ទាំងនាក់។ ចំណែករថយន្តបង្កនោះនៅតែមិនទាន់អស់ល្បឿន ក៏ជ្រុលបន្តទៅបុកទ្វារផ្ទះលេខ២០៧ និងទៅប៉ះរថយន្តរបស់ម្ចាស់ផ្ទះម៉ាកឡិចស៊ីសដែលគេចតនៅក្នុងផ្ទះ រុញទៅបុកទ្វារផ្ទះ ខូចខាតយ៉ាងដំណំ តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយគ្លីនិកឯកជន រស្មី ដឹកទៅយកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ចំណែកសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ បានដឹកនាំកម្លាំងចុះមកពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ រួចប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយករថយន្តបង្ក រថយន្តជនរងគ្រោះ ម៉ូតូជនរងគ្រោះ និងឃាត់នារីបើកបរទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ផងដែរ៕

មតិយោបល់