ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌទួលគោក ចាប់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញៈ ជនសង្ស័យម្នាក់ រួមជាមួយនិងថ្នាំញៀនចំនួន ៣កញ្ចប់តូច ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ធ្វើការចាប់ខ្លួន ក្រោយពីត្រួតពិនិត្យរកឃើញមានថ្នាំញៀនជាប់នឹងខ្លួន។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទល់មុខសាលា ជា ស៊ីមសាមគ្គី ផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះមានឈ្មោះ អឹម រាជ (ហៅអារាជ) ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់។ ដកហូតបានថ្នាំញៀន ៣កញ្ចប់តូច។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលខណ្ឌទួលគោក បានដាក់គោលដៅត្រួតពិនិត្យ និងអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នៅចំណុចខាងលើ រួចក៏មានជនសង្ស័យខាងលើ បានជិះម៉ូតូមួយគ្រឿង ឆ្លងកាត់ចំណុចត្រួតពិនិត្យ ទើបមានការសង្ស័យក៏ឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យ រកឃើញថ្នាំញៀនចំនួន៣កញ្ចប់ជាប់នឹងខ្លួន ទើបសមត្ថកិច្ចសម្រេចធ្វើការចាប់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់