កណ្តាលៈ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ចុះឆ្មក់បង្ក្រាបទីតាំងជល់មាន់ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនបានមនុស្សចំនួន ២នាក់ ដកហូតបានម៉ូតូជាង១០គ្រឿង មាន់ជល់៤ក្បាល រួមនិងវត្ថុតាងមួយចំនួនទៀត។
ការបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ១និង១០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោមដើមស្វាយ ខាងក្រោយផ្ទះ ក្នុងភូមិរលួស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ការបង្ក្រាបនេះដែរ ធ្វើឡើងដោយមានការដឹកនាំ និងចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថ មូលដ្ឋានស្រុកកណ្តាលស្ទឹង ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ទោ ជុន វណ្ណី មេបញ្ជាការ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថាមាន ការលេងល្បែងស៊ីសងជល់មាន់ខុសច្បាប់នៅចំណុចខាងលើ ទើបកម្លាំងចុះទៅបង្ក្រាបតែម្តង។
ជាលទ្ឋផល សមត្ថកិច្ចធ្វើការបង្ក្រាបបាន មាន់ជល់ចំនួន ៤ក្បាល, ជៀលដែកក្រុងមាន់ចំនួន១, កន្ត្រកដាក់មាន់២, ស្កុត រុំខ្នាយមាន់១១ដុំ, ម៉ូតូចំនួន១៣គ្រឿង រួមមានម៉ាកហុងដាសេ១២៥ ចំនួន៧គ្រឿង ម៉ាកស៊ុយសាគីស្មាស ចំនួន៣គ្រឿង ម៉ូតូគុបជ្រុង៥០ ចំនួន២គ្រឿង គុបជ្រុង១គ្រឿង គុបមូល១គ្រឿង ហុងដាសេ១០០កូរ៉េចំនួន១គ្រឿង ។ និងឃាត់ខ្លួនបានមនុស្សចំនួន២នាក់ ទី១ឈ្មោះ សំ ចន ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរកសិករ នៅភូមិរលួស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ម្ចាស់ផ្ទះ ផ្តល់ទីតាំង)។ និងទី២ឈ្មោះ សាត ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ម្កាក់ ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(អ្នកឈរមើល)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងឃាត់និងរក្សាទុកនៅអាវុធហត្ថស្រុក ជំនាញកំពុងបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់