ព័ត៌មានជាតិ

តុលាការ សម្រេចដាក់គុក លោកគ្រូបង្រៀនម្នាក់ រឿង យក Facebook ទៅគំរាមសម្លាប់មនុស្ស

ភ្នំពេញ: ទីបំផុតទៅលោកគ្រូបង្រៀនម្នាក់ ដែលប្រើបណ្តាញសង្គម Facebook គំរាមសម្លាប់ មន្ត្រីស្ថាប័នមីក្រូហិរញ្ញវត្ថុ Active People ត្រូវបាន លោក កី ម៉ានេរ៉ា អនុប្រធានតុលាការក្រុងភ្នំពេញ និងជាចៅក្រមស៊ើបសួរ សម្រេចចេញដីកាបង្គាប់ ឲ្យជាប់គុក ព្រៃ ស ជាបណ្តោះអាសន្នហើយ បើតាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌ ៧មករា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ។

ប្រភពពីសមត្ថកិច្ចខណ្ឌ ៧មករា បានឲ្យដឹងថា ក្រោយបើកការស៊ើបសួរ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើឈ្មោះ យន ពិសិដ្ឋ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ទីលំនៅផ្ទះគ្មានលេខ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ គំរាមកំហែងថានឹងសម្លាប់ យោងតាមមាត្រា ២៣៣នៃក្រមព្រហ្មទណ្ឌ។

បើយោងតាមបទចោទប្រកាន់នេះ ជនត្រូវចោទ អាចនឹងប្រឈមការផ្តន្ទាទោសដាក់គុក កំណត់រយ:ពេល ពី៦ខែ ទៅ២ឆ្នាំ។

យោងតាមរបាយការណ៍សមត្ថកិច្ចជនត្រូវចោទបានប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម Facebook គំរាមសម្លាប់ជនរងគ្រោះឈ្មោះ សុន គីមសា ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក មីក្រូហិរញ្ញវត្ថុ Active People ទីលំនៅផ្ទះលេខ ៣១ E0 ផ្លូវ ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញ ខណ្ឌ៧មករា បានឃាត់ខ្លួន ជនសង្ស័យកាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៣១ ផ្លូវ២១៤ ភូមិ ៥ សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយប្តឹងចោទប្រកាន់ថា ជនសង្ស័យ បានគំរាមសម្លាប់ តាមបណ្តាញសង្គម Facebook។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច ដកហូតបានវត្ថុតាងរួមមាន ម៉ូតូ ១គ្រឿង ម៉ាក Zoomer-X ពណ៌លឿង ពាក់ ស្លាក លេខភ្នំពេញ 1GD-3145 លេខ តួ + ម៉ាស៊ីន 125067 និងទូរស័ព្ទ ១គ្រឿង ម៉ាក Iphone 8+ លេខ 069 848 998៕

មតិយោបល់