ភ្នំពេញៈ បុរសម្នាក់ បើករថយន្ដម៉ាកហាយឡែនឌ័រ មួយគ្រឿង ក្នុងល្បឿនលឿន ដោយមើលមិនឃើញនិងរបាំងថ្មចែកទ្រូងផ្លូវ ក៏ជ្រុលទៅបុកចំពីមុខរបាំងថ្ម យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ដក្រឡាប់ផ្ងារជើង ម្ចាស់រងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង ១និង៤០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវលេខ១៦៩ ខាងជើងស្តុបណាន់ជីន ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញមានរថយន្ដ១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2S-7822 បើកបរដោយមន្ត្រីប៉ូលិស ម្នាក់ ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុជាផ្លូវបែកជាបួន ស្រាប់តែរថយន្តនោះ រេចង្កូតជ្រុលទៅបុកនិងក្បាល នាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ដក្រឡាប់ផ្ងារជើងឡើងលើ ហើយរបាំងថ្មបាក់មួយកង់ខូចខាត ។ ចំណែកអ្នកបើកបរ រថយន្តគ្រាន់តែរបួសស្រាល បានវាចេញពីក្នុងរថយន្ត ប្រាប់គេថាគាត់មើលមិនឃើញ របាំងថ្មពុះចែកទ្រូងផ្លូវទើបបើករថយន្តមកបុកបែបនេះតែម្តង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងជួយរកកាំភ្លើងម្ចាស់រថយន្ត ក្នុងរថយន្ដរបស់គាត់ដែលមន្ត្រីសមត្ថកិច្ចដែរនោះ តែរកមិនឃើញ។
តែយ៉ាងណាសមត្ថកិច្ចបានដឹករថយន្តបុរសដែលជាអ្នកបើកបរនោះ ទៅព្យាបាលសិន ហើយចំណែករថយន្តរបស់គាត់ ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងស្ទូចយករថយន្ដទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕
https://youtu.be/Qx0xgAkiCYE
មតិយោបល់