ព័ត៌មានបច្ចេកវិទ្យា

ម៉ូនីទ័រ 5K របស់ LG លក់លើវ៉ិបសាយ Apple គាំងពេលដាក់ក្បែរឧបករណ៍ចែកចាយ Wi-Fi

ម៉ូនីទ័រ UltraFine 5K របស់ក្រុមហ៊ុន LG ដែលទើបតែចាប់ផ្តើមដាក់លក់លើអនឡាញតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន Apple នៅសប្តាហ៍នេះ កំពុងកើតមានបញ្ហាកុងជាមួយរលកសញ្ញា Wi-Fi ចេញពីឧបករណ៍ Router ដែលដាក់នៅក្បែរ ចម្ងាយ ២ ម៉ែត្រ។

តាមប្រភពព័ត៌មានពីគេហទំព័រ 9to5Mac បានឱ្យដឹងថា អេក្រង់កុំព្យូទ័ររបស់ក្រុមហ៊ុន LG ដ៏ប្រណិត និងមានតម្លៃជាង ១ ពាន់ដុល្លារមួយម៉ូឌែលនេះ បានលោតញាក់ភ្លិបភ្លែតៗ នៅពេលដែលគេយកឧបករណ៍ចែកចាយ Wi-Fi ទៅដាក់ក្បែរចម្ងាយពីវាពីរម៉ែត្រ ហើយនៅពេលដែលគេបង្ខិតឧបករណ៍នោះកាន់តែជិត អេក្រង់របស់វាស្រាប់តែលោតងងឹង ហើយលែងប្រើការបានតែម្តង។

ករណីនេះដែរ ត្រូវបានអ្នកផ្គត់ផ្គងផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុន LG មួយរូប ចេញមុខទទួលស្គាល់ ហើយថា វាកើតឡើងតែចំពោះម៉ូនីទ័រ 5k នេះតែប៉ុណ្ណោះ ពោល សម្រាប់ម៉ូនីទ័រ LG ដទៃផ្សេងទៀតគឺគ្មានបញ្ហាដូចនេះឡើយ។

យោងតាមអ្នកណែនាំផលិតផល Mac របស់ 9to5Mac បានលើកឡើងថា ម៉ូនីទ័រ 5K របស់ LG នៅពេលដែលកុងជាមួយនឹងឧបករណ៍ Router វាក៏ប៉ះពាល់ដល់ម៉ាស៊ីន MacBook Pro ដែលដោតភ្ជាប់ជាមួយវាផងដែរ ប៉ុន្តែ នៅពេលដែលគាត់ចុច Restart វាក៏បើកដំណើរការឡើងវិញធម្មតា ហើយនៅពេលដែលគាត់យក Router ចេញពីបន្ទប់ គ្រប់យ៉ាងក៏វិលត្រឡប់មករកភាពប្រក្រតីឡើងវិញ៕

ប្រភពព័ត៌មានៈ arstechnica

មតិយោបល់