ព័ត៌មានជាតិ

ខឹងប្តីចាស់ទៅលេងផ្ទះប្រពន្ធដើមបាត់ច្រើនថ្ងៃពេក ត្រឡប់មកវិញត្រូវប្រពន្ធទី២គប់ដុំថ្មបែកកញ្ចក់រថយន្ត

ភ្នំពេញៈ រថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿងបែកកញ្ចក់ និងកំពិតជាច្រើនកន្លែង រងការខូចខាតយ៉ាងដំណំ ដោយសារតែស្ត្រីជាប្រពន្ធទី២ខឹង នឹងបុរសជាប្តីវ័យចំណាស់ម្នាក់ ជិះទៅលេងផ្ទះប្រពន្ធដើមរបស់គាត់បាត់ជាច្រើនថ្ងៃទើបតែវិលត្រឡប់មកផ្ទះវិញ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៣ និង ៥០នាទីល្ងាច ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ១៧៣ កែងនឹងផ្លូវលេខ៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់អាយុប្រហែលជាង ៧០ឆ្នាំម្នាក់ បើករថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2G-9767 មួយគ្រឿងតែម្នាក់ឯង ក្នុងបំណងចូលចតនៅចំណុចខាងលើ។ ពេលដែលកំពុងចូលចតនោះ ក៏ស្រាប់តែលេចមុខស្រ្តីដែលមានអាយុប្រហែលជាង៤០ឆ្នាំ ម្នាក់ដែលគេដឹងថាជាប្រពន្ធទី២របស់បុរសវ័យចំណាស់ខាងលើនោះ ជិះម៉ូតូម៉ាកស្កុបពីមួយគ្រឿង មកដល់រើសយកដុំថ្មដែលនៅក្បែរនោះគប់ទៅលើរថយន្តបណ្តាលឲ្យបែកកញ្ចក់ចំហៀង កញ្ចក់ខាងមុខ និងកំពិតជាច្រើកន្លែង និងបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១ ក៏បានចុះមកដល់ និងនាំខ្លួនប្តីប្រពន្ធវ័យចំណាស់ទាំង២នាក់ ទៅធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងផងដែរ៕

មតិយោបល់