ព័ត៌មានជាតិ

ប្រពន្ធទី៣ ឈ្លោះជាមួយប្រពន្ធទី២ ខណៈប្រពន្ធទី១នៅឯស្រុកមិនដឹងរឿងអ្វីសោះ

ភ្នំពេញ: រឿងស្នេហាត្រីកោណមួយ បានផ្ទុះឡើងមួយឈុត ក្រោយពេលបុរសម្នាក់ បដិសេធថា មិនដែលរស់នៅជាមួយស្រ្តីម្នាក់ ខណៈដែលស្រ្តីរូបនោះ បានអះអាងថាបានរស់នៅជាមួយគ្នាអស់ រយៈពេល៧ឆ្នាំមកហើយ បន្ទាប់មកស្រ្តីរូបនោះ ក៏ខឹងយ៉ាងខ្លាំង ហើយទៅប្តឹងចៅសង្កាត់ចោមចៅ ឱ្យជួយរកខុសត្រូវឱ្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅបរិវេណសាលាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីសង្កាត់បានឲ្យដឹងថា បុរសម្នាក់នោះមានឈ្មោះ មាស ហ៊ុយ អាយុ៥៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិព្រឹក្សា ឃុំថ្មោងខាត្បូង ស្រុកកំចាយមា ខេត្តព្រៃវែង មានប្រពន្ធដើមម្នាក់ឈ្មោះ ហ៊ុន ណាគ្រី អាយុ៥៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិព្រឹក្សាទី២ ឃុំថ្មោងខាងត្បូង ស្រុកកំចាយមា ខេ​ត្តព្រៃវែង និងប្រពន្ធទី២ ឈ្មោះ ញៀន រ៉ា អាយុ៥០ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិដង្កោ ឃុំដង្កោ ស្រុកកំពង់លៀវ ខេត្តព្រៃវែង។ រីឯស្រី្តដែលអះអាងឈ្មោះ មាស ហ៊ុយ បានរស់នៅជាមួយគ្នាអស់រយៈពេលឆ្នាំ ឈ្មោះ ឆា រ៉ា អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

យោងតាមសម្តីស្ត្រីជាប្រពន្ធទី២ បានឱ្យដឹងថា រូបគាត់បានរួមរស់ជាមួយឈ្មោះ មាស ហ៊ុយ តាំងពីឆ្នាំ២០០៤មកម្លេះ ព្រមទាំងមានកូនម្នាក់ទៀតផង។ ហើយរយៈពេលប៉ុន្មានឆ្នាំមុនគាត់ បានទៅរស់នៅប្រទេសថៃ ទើបតែត្រឡប់មកនៅស្រុកខ្មែរវិញ ហើយក៏បានរស់នៅជាមួយគ្នាបន្តទៀត ដោយមិនបានរៀបការ និងចុះអេតាស៊ីវិលនោះទេ ព្រោះគាត់ដឹងថាបុរសជាប្តីនេះមានប្រពន្ធដើមរួចហើយ ម្យ៉ាងរូបគាត់ក៏ចាស់ដែរ។ រីឯឈ្មោះ ឆា រ៉ា រួមទាំងកូនប្តីមុនរបស់គាត់ បានអះអាងឱ្យដឹងថា រូបគាត់ និងបុរសខាងលើ បានរួមរស់ជាមួយគ្នាអស់រយៈពេល៧ឆ្នាំមកហើយ សួរអ្នកណាក៏ដឹងដែរ នៅភូមិទួលពង្រ តែបែរជាបុរសម្នាក់នេះឆ្លើយថាមិនដែលរស់នៅជាមួយខ្លួនទៅវិញ ខណៈដែលប្រពន្ធទី២ ដែលទៅរស់នៅជាមួយប្តីគាត់ម្នាក់ទៀត នៅឯស្រុកថៃ តែនៅពេលនេះប្តីស្លាប់ ក៏ត្រឡប់មកខ្មែរវិញ ហើយដណ្តើមប្តីពីគាត់។

ជុំវិញរឿងនេះបុរសជាប្តី បានអះអាងថា រូបគាត់និងស្ត្រីទី៣នេះ គ្រាន់តែស្គាល់គ្នារាប់អានគ្នា និងធ្លាប់ផឹកស៊ីជាមួយគ្នាប៉ុណ្ណោះ មិនដែលរស់នៅជាមួយគ្នានោះទេ។ ហើយគាត់បន្តថា គាត់មានប្រពន្ធដើម នៅឯស្រុក និងមានកូនចំនួន៨នាក់ ប្រុស៤នាក់ ស្រី៤នាក់ ហើយប្រពន្ធដើមរបស់គាត់ក៏បានដឹងថាគាត់មានប្រពន្ធទី២ដែរ។ហើយឥឡូវនេះ ប្រពន្ធដើមមិនបានដឹងរឿងឈ្លោះប្រកែកនេះទេ។

ទោះជាយ៉ាងណា ប្រពន្ធគ្មានគ្មានអេតាស៊ីវិល ទាំង២នាក់ ត្រូវបានមន្ត្រីសាលាសង្កាត់ ធ្វើការសម្របសម្រួល ឲ្យពួកគាត់នៅស្ងៀមស្ងាត់ និងត្រឡប់ទៅផ្ទះរាងៗខ្លួន៕

មតិយោបល់