ភ្នំពេញ: នគរបាលខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀនខណ្ឌ បានដឹកនាំកម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ត៍ ធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងរក្សាទុក និងប្រើប្រាស់គ្រឿងញៀននៅខាងក្រោយប៉ុស្តិ៍ទួលសង្កែ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន១២កញ្ចប់ ដាវសាំម៉ូរ៉ៃចំនួន២ដើម ពូថៅចំនួន១ដើម ញញួរចំនួន១ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន កាលពីវេលាម៉ោង២ រសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលនៅចំណុចសំណង់មិនមានរបៀបរៀបរយ ស្ថិតក្នុងផ្ទះលេខ៦៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀនខណ្ឌ បានអោយដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ យ៉ុង សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ និងទី២-ឈ្មោះ កែវ សុវណ្ណណូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ គឺដោយសារតែទទួលបានបទបញ្ជាពីលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌ បានដាក់បទបញ្ជាអោយកម្លាំងសមត្ថកិច្ចទាំង៦ប៉ុស្តិ៍ ធ្វើការស្រាវជ្រាវ ក៏ដូចជាបង្ក្រាបគ្រឿងញៀនទាំងអស់ នៅក្នុងខណ្ឌទាំងមូល។ ក្រោយពីបានទទួលបទបញ្ជានេះរួចមក លោក បានដឹកនាំកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចូលបង្ក្រាប ទីតាំងខាងក្រោយប៉ុស្តិ៍នគរបាលទួលសង្កែ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងវត្ថុតាង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់