ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចុះបង្រ្កាបទីតាំងជល់មាន់ អ្នកលេងរត់គេចខ្លួនអស់បាត់ស្រមោល

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅសហការជាមួយកម្លាំងសង្កាត់ចោមចៅ បានបើកប្រតិបត្ដិការចុះបង្ក្រាបវង់ល្បែង ជល់មាន់ និងលេងអាប៉ោងលួចលាក់ នៅតាមមូលដ្ឋាន កាលពីរសៀលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ ២០១៧នេះ នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្ដែអ្នកញៀនល្បែងទាំងប្រុសទាំងស្រី បាននាំគ្នារត់ប្រសេចប្រសាចបាត់ស្រមោលអស់ ដោយបន្សល់ទុកមាន់គោក រស់ចំនួន៥ក្បាល និងសំភារ:សម្រាប់លេងមួយចំនួន នៅពេលដែលឃើញកម្លាំងសមត្ថកិច្ចចុះទៅ។

មន្ដ្រីនគរបាលសង្កាត់ចោមចៅ បានឲ្យដឹងថា បើទោះបីកម្លាំងសមត្ថកិច្ច មិនបានឃាត់ខ្លួនអ្នកញៀនល្បែងណាម្នាក់នោះឡើយ ប៉ុន្តែកម្លាំងសមត្ថកិច្ចបាន ដកហូតបានមាន់ចំនួន៥ក្បាល នៅនឹងកន្លែងកើតហេតុរួមទាំងសម្ភារ:មួយចំនួនដូចជា បៀរ កម្រាលសំរាប់លេងអាប៉ោង ជាដើម។

មន្ដ្រីនគរបាលបានបន្ដថា ប្រតិបត្ដិការខាងលើនេះ ធ្វើឡើងដើម្បីអនុវត្ដគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងតបតាមការណែនាំ របស់ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យលុបបំបាត់ចោលល្បែង ស៊ីសងខុសច្បាប់ ដែលកើតមានឡើងនៅ ក្នុងមូលដ្ឋានរបស់ខ្លួន ជៀសវាងការបង្កជាបទ ល្មើស លួច ឆក់ ប្លន់ជាដើម។

ជាមួយគ្នានេះ លោកអធិការខណ្ឌពោធិ៍សែនជ័យ ក៏បានបញ្ជាក់គ្រប់ប៉ុស្តិ៍ទាំងអស់ត្រូវបង្កើនកិច្ចសហប្រតិបត្ដិការ រវាងសមត្ថកិច្ច និងប្រជាពលរដ្ឋទប់ស្កាត់បទល្មើសនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនក៏ដូចជាក្នុសង្គមយើងផងដែរ។ ក្រោយពេលប្រមូលបានមាន់ និងសម្ភារ:មួយចំនួនត្រូវបានរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍ចោមចៅ៕

មតិយោបល់