អាមេរិកៈ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានមានប្រសាសន៍ កាលពីថ្ងៃអង្គារថា ការបាញ់គ្រាប់មីស៊ីលឆ្លងទ្វីបរបស់អ៊ីរ៉ង់ ក្នុងពេលថ្មីៗនេះ ជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត ហើយរដ្ឋបាលរបស់លោក ត្រាំ នឹងមិនលើកលែងជាដាច់ខាតចំពោះបញ្ហាមួយនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។
ការថ្លែងរបស់លោកស្រី Haley បែបនេះ បានធ្វើទ្បើងបន្ទាប់ពីលោកស្រីចូលរួមកិច្ចប្រជុំដំបូងបង្អស់របស់លោកស្រី នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលកិច្ចប្រជុំនេះ ស្នើឡើងដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
យោងតាមសេចក្តីសម្រេចលេខ២២៣១ របស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័ត ក្រោយពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងប្រទេសមហាអំណាចពិភពលោកទាំង៦ ជាមួយនឹងរដ្ឋាភិបាលក្រុងតេហេរ៉ង់ កាលពីឆ្នាំ២០១៥ អ៊ីរ៉ង់ត្រូវបានអំពាវនាវមិនឲ្យធ្វើសកម្មភាពអ្វីពាក់ព័ន្ធនឹងគ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបនោះទេ។ ប៉ុន្តែសេចក្តីសម្រេចនោះ មិនបានហាមឃាត់ឲ្យជាក់លាក់នោះទេ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហៅកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះថា អន់ខ្លាំងណាស់ ហើយកាលពីធ្វើយុទ្ធនាការបោះឆ្នោត លោកក៏បានគំរាមឲ្យលុបចោលកិច្ចព្រមព្រៀងនោះចេញដែរ។
សូមជំរាបថា ប្រទេសអ៊ីរ៉ង់បានបញ្ជាក់កាលពីថ្ងៃពុធថា ខ្លួនពិតជាបានបាញ់គ្រាប់មីស៊ីលប្រាកដមែន ប៉ុន្តែវាមិនបានបំពានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយនឹងមេដឹកនាំពិភពលោកកាលពីឆ្នាំ២០១៥នោះទេ៕
មតិយោបល់