ព័ត៌មានជាតិ

តុលាការកាត់ទោស ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ៦នាក់ ខណៈ ថាវ ថាវី នៅក្រៅគុកយ៉ាងរំភើយ

ភ្នំពេញ: ក្រោយពីលើកពេលជាច្រើនដងរួចមក នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក អ៊ី ថាវរៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសាវនាការជំនុំជម្រះទោស ជនជាប់ចោទចំនួន ៧នាក់ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចេញពីក្នុងពន្ធនាគារព្រៃស។ ទោះយ៉ាងណាសវនាការ នារសៀលនេះ គឺមានតែវត្តមានជនជាប់ចោទតែ៦នាក់ប៉ណ្ណោះ ដោយឡែកជនជាប់ចោទឈ្មោះ ថាវ ថាវី ជាមេក្លោងជួញដូរគ្រឿងញៀន ដ៏ល្បីល្បាញក្នុងតំបន់បឹងឈូក មុខពេទ្យលោកសង្ឃ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅឡើយទេ ពោលគឺកំពុងរស់នៅក្រៅឃុំយ៉ាងរំភើយ។

ជនជាប់ចោទរួមមាន៖
១.ឈ្មោះ Sergio Bento ហៅ Baja ភេទប្រុស អាយុ៤១ ជនជាតិនីហ្ស៊េរីយ៉ា
២.ឈ្មោះ Okeke Amaechi Samuel ហៅ Bala ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ នីហ្ស៊េរីយ៉ា
៣.ឈ្មោះ យ៉ាំង លាង ហៅ យិន លាង ភេទប្រុស ជនជាតិវៀតណាម
៤.ឈ្មោះ ឌី ធូរ៉ា ហៅ ត្រា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ
៥.ឈ្មោះ សួន សៅ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ (ជាប់គុករឿងគ្រឿងញៀន)
៦.ឈ្មោះ ស៊ិន រដ្ឋា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ (ជាន់គុករឿងគ្រឿងញៀន)
៧.ឈ្មោះ ថាវ ថាវី ហៅ ឡុង រ៉ាវី ភេទប្រុសអាយុ៣៥ឆ្នាំ

ត្រូវបានលោក គុជ គឹមឡុង តំណាងអយ្យការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចចំណតរថយន្តដឹកអ្នកដំណើរអ៊ិចប្រេស តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

ជនជាប់ចោទឈ្មោះ ឌី ធូរ៉ា បានសារភាពថា ខ្លះនបានដឹកគ្រឿងញៀនយកទៅឱ្យជនជាតិស្បែកខ្មៅ ជនជាតិខ្មែរ និងជនជាតិវៀតណាម ចំនួន ៣ដង ដែលម្តងៗមានទម្ងន់ប្រហែល ២ទៅ៣គីឡូក្រាម។ ជនជាប់បន្តថា ខ្លួនបានដឹកគ្រឿងញៀនទៅឱ្យភ្ញៀវដោយមានបញ្ជាតាមទូរស័ព្ទ ពីឈ្មោះ យ៉ាំង លាង ដែលកំពុងជាប់ឃុំនៅក្នុងគុកព្រៃស ឱ្យខ្លួនទាក់ទងទៅភ្ញៀវតាមទូរស័ព្ទ។ ជនជាប់ចោទ បញ្ជាក់ថា ខ្លួនបានស្គាល់ឈ្មោះ សួន សៅ និងឈ្មោះ ស៊ិន រដ្ឋា ដែលជាបក្ខពួករបស់ឈ្មោះ យ៉ាំង លាង ដោយក្រុមនេះបានសន្យាថា ឱ្យរូបគេជួយដឹកគ្រឿងញៀនឱ្យម៉ូយតាមតែបញ្ជាគេទៅ ចាំគេឱ្យលុយចាយចំនួន៥០០ដុល្លារ ក្នុងមួយលើកៗ។

ជនជាប់ចោទឈ្មោះ ស៊ិន រដ្ឋា បានសារភាពថាឈ្មោះ យ៉ាំង លាង ឱ្យខ្លួនរកមនុស្សនៅក្រៅគុកដើម្បីជួយដឹកគ្រឿងញៀនយកឱ្យភ្ញៀវ។ ក្រោយមកខ្លួនបានឱ្យឈ្មោះ សួន សៅ រកបានលេខទូរស័ព្ទឈ្មោះ ឌី ធូរ៉ា យកមកឱ្យឈ្មោះ យ៉ាំង លាង។ ជនជាប់ចោទបានបញ្ជាក់ថា ឈ្មោះ យ៉ាំង លាង មានទូរស័ព្ទប្រើនៅក្នុងគុកដោយសេរី ទោះជាគុកព្រៃសត្រូវគេផ្តាច់ប្រព័ន្ធទូរស័ព្ទក៏ដោយ។ ឈ្មោះ យ៉ាំង លាង មានលុយទិញអាហារហូបចុកឆ្ងាញ់ៗ និងបានហៅខ្លួន និងឈ្មោះ សួន សៅ ហូបជាមួយរាល់ថ្ងៃ ហើយឈ្មោះ យ៉ាំង លាង បានហៅទូរស័ព្ទទៅឈ្មោះ ឌី ធូរ៉ា នៅក្រៅគុកឱ្យយកគ្រឿងញៀនឱ្យភ្ញៀវ ជាច្រើនលើក ចំនួនមិនតិចជាង១គីឡូទេក្នុងមួយលើកៗ។ នៅក្នុងនោះ ក៏មានឈ្មោះ ថាវ ថាវី មេគ្រឿងញៀនម្តុំទឹកថ្លា បានបញ្ជាទិញគ្រឿងញៀនពីឈ្មោះ យ៉ាំង លាង ចំនួន ១គីឡូផងដែរ។

ជនជាប់ចោទបានបន្ថែមថា ខ្លួនបានស្តាប់ឮឈ្មោះ យ៉ាំង លាង ទាក់ទងទៅឈ្មោះ ឌី ធូរ៉ា ពីការដឹកគ្រឿងញៀន និងបានឃើញឈ្មោះ យ៉ាំង លាង ពិភាក្សាជាមួយឈ្មោះ Sergio Bento និងឈ្មោះ Okeke Amaechi Samuel រឿងលក់ដូរគ្រឿងញៀន ជាភាសាអង់គ្លេស។ រាល់ពេលឈ្មោះ ឌី ធូរ៉ា យកគ្រឿងញៀនឱ្យភ្ញៀវរួច ភ្ញៀវត្រូវដាក់លុយទៅលេខទូរស័ព្ទ ០១២ ៣៤៥ ១៦៨ ដោយម្តងៗមានទឹកប្រាក់រាប់ម៉ឺនដុល្លារ។

ជនជាប់ចោទឈ្មោះ សួន សៅ បានឆ្លើយថា ខ្លួនបានយកលេខទូរស័ព្ទឈ្មោះ ឌី ធូរ៉ា ឱ្យទៅឈ្មោះ ស៊ិន រដ្ឋា ដោយឈ្មោះ ស៊ិន រដ្ឋា បានប្រាប់ថា យកលេខឈ្មោះ ឌី ធូរ៉ា ដើម្បីសុំលុយចាយ។ ជនជាប់ចោទបន្តថា ឈ្មោះ យ៉ាំង លាង បានឱ្យចុងភៅនៅក្នុងគុករៀបចំធ្វើម្ហូប អាហារឆ្ងាញ់ៗ ហូបរាល់ថ្ងៃ ហើយខ្លួន និងឈ្មោះ ស៊ិន រដ្ឋា គឺហូបបាយជាមួយឈ្មោះ យ៉ាំង លាង និងជនជាតិស្បែកខ្មៅ២នាក់ទៀត។ ជនជាប់ចោទបញ្ជាក់ថា ឈ្មោះ យ៉ាំង លាង មានលុយច្រើន អាចប្រើទូរស័ព្ទបានដោយសេរីនៅក្នុងគុក។

ជនជាប់ចោទឈ្មោះ Okeke Amaechi Samuel ហៅ Bala និងជនជាប់ចោទឈ្មោះ Sergio Bento ហៅ Baja បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តិអ្វីទាំងអស់ ហើយក៏មិនដែលស្គាល់ឈ្មោះ យ៉ាំង លាង ឈ្មោះ សួន សៅ និងឈ្មោះ ស៊ិន រដ្ឋា នោះទេ ក៏មិនដែលបាននិយាយអ្វីជាមួយគ្នាដែរ។

ជនជាប់ចោទឈ្មោះ យ៉ាំង លាង ហៅ យិន លាង បដិសេធថា ខ្លួនមិនបានធ្វើដូចការចោទប្រកាន់នោះទេ ហើយក៏មិនដែលស្គាល់ជនជាប់ចោទដទៃៗទៀតនោះទេ។ ជនជាប់ចោទថា ឈ្មោះ ស៊ិន រដ្ឋា ធ្លាប់បានសួរថា មានភ្ញៀវចង់ទិញគ្រឿងញៀនច្រើនឬទេ គេមានគ្រឿងញៀនលក់ច្រើន តែខ្លួនមិនបានទាក់ទងអ្វីទៀតទេ។

គួររំលឹកថា ជនជាប់ចោទឈ្មោះ ឌី ធូរ៉ា ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខណ្ឌឬស្សីកែវ ឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចចំណតរថយន្តដឹកអ្នកដំណើរអ៊ិចប្រេស តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដោយដកហូតបានវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមព័ណ៌សថ្លាចំនួន ២កញ្ចប់ ទម្ងន់១១០គីឡូក្រាម។

ក្រោយមកទៀតឈ្មោះ ឌី ធូរ៉ា បានសហការជាមួយសមត្ថកិច្ចរហូតឃាត់ខ្លួនទណ្ឌិត ២នាក់ទៀតគឺឈ្មោះ ស៊ិន រដ្ឋា ហៅ សឺន និងឈ្មោះ សួន សៅ និងដកហូតថ្នាំញៀនប្រភេទថ្នាំគ្រាប់ WY ព័ណ៌ក្រហម ១៧ សុង ស្មើនឹង ១០៣,៦០០គ្រាប់ និងម្ស៉ៅក្រាមពណ៌សថ្លាសរុបទាំងអស់៣០,១២៩ក្រាម ដែលគេយកទៅលាក់ទុក នៅក្នុងបន្ទប់ជួលរបស់ឈ្មោះ ឌី ធូរ៉ា នៅម្តុំក្បែរស្នងការនគរបាលរាជធានីភ្នំពេញ ចំណុចបន្ទប់ជួលលេខ៧៧ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនទណ្ឌិតឈ្មោះ សួន សៅ និងឈ្មោះ ស៊ិន រដ្ឋា បានសារភាពថា ពួកគេបានធ្វើតាមបញ្ជារបស់ ទណ្ឌិត៣នាក់ទៀតគឺឈ្មោះ យ៉ាំង លាងឈ្មោះ Sergio Bento និងឈ្មោះ Okeke Amaechi Samuel ទើបសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនពួកគេតែម្តង។

ក្រោយពីបើកសវនាការជាច្រើនម៉ោងរួចមក តុលាការបានលើកពេលប្រកាសសាលក្រមសំណ៊ំរឿងនេះទៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ខាងមុខ៕

មតិយោបល់